
ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានព្រមានថា អ៊ីរ៉ង់នឹងត្រូវបង្ខំចិត្តផលិតអាវុធនុយក្លេអ៊ែរ ប្រសិនបើស្ថិរភាពរបស់ប្រទេសនេះ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នោះ។
លោក Kamal Kharrazi បានសង្កត់ធ្ងន់ថា ខណៈដែលអ៊ីរ៉ង់ មានសមត្ថភាពផលិតគ្រាប់បែកនុយក្លេអ៊ែរ រហូតមកដល់ពេលនេះ ខ្លួនបានជ្រើសរើសមិនប្រើនុយក្លេអ៊ែរទេ។ លោក Kharrazi បានប្រាប់បណ្តាញព័ត៌មាន Student News Network របស់អ៊ីរ៉ង់ថា៖«នៅក្នុងករណីមានការវាយប្រហារលើរោងចក្រនុយក្លេអ៊ែររបស់យើងដោយរបបជ្វីហ្វនិយម ការរារាំងរបស់យើង នឹងផ្លាស់ប្តូរ»។
ការអធិប្បាយនេះ គឺជាការព្រមានថ្មីបំផុតពីមន្ត្រីអ៊ីរ៉ង់ថា ទីក្រុងតេអេរ៉ង់ នឹងបង្កើតអាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស ប្រសិនបើខ្លួនយល់ថា មានការគំរាមកំហែងគ្រប់គ្រាន់ហើយនោះ។ មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាន់ខ្ពស់ម្នាក់ បាននិយាយកាលពីពាក់កណ្តាលខែមេសាថា ការគំរាមកំហែង ជាពិសេសអ៊ីស្រាអែលអាចនាំឲ្យទីក្រុងតេអេរ៉ង់ «ពិនិត្យឡើងវិញ»នូវគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួន។
លោកឧត្តមសេនីយ៍ Jim Hockenhull ជាប្រធានទីបញ្ជាការយុទ្ធសាស្ត្ររបស់ចក្រភពអង់គ្លេស ដែលរួមមានអង្គភាពចារកម្មការពារជាតិអង់គ្លេស បានប្រាប់សារព័ត៌មាន Semafor កាលពីខែមុនថា៖«សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ជារឿយៗ ត្រូវបានធ្វើឡើងដោយសារផលប៉ះពាល់ កើតឡើង ជាជាងភាពចាំបាច់ ជាសេចក្តីថ្លែងការណ៍អំពីអ្វីដែលអាចនឹងកើតឡើង ឬ តើនឹងមានអ្វីកើតឡើង។ ទោះជាយ៉ាងនេះក្តី លោក បានព្រមានថា៖«លទ្ធភាពនៃការដោះស្រាយបញ្ហានេះ គឺច្បាស់ណាស់»។