
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ុយក្រែន នឹងទទួលបានប្រព័ន្ធរ៉ុក្កែតចល័ត HIMARS ចំនួនបីពីស្តុករបស់សហរដ្ឋអាមេរិក ដោយប្រទេស អាល្លឺម៉ង់ដែលជាអ្នកចំណាយថវិកា។
លោក Pistorius ដែលបានបង្ហាញពីផែនការនេះ បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅមន្ទីរបញ្ចកោណ បាននិយាយថា គំនិតនេះ បានកើតឡើងក្នុងអំឡុងពេលរង់ចាំយូរសម្រាប់ជំនួយចំនួន ៦១ពាន់លានដុល្លារអាមេរិកដល់អ៊ុយក្រែន។ សភាបានអនុម័តជំនួយជាផ្នែកនៃកញ្ចប់ជំនួយសន្តិសុខជាតិ ក្នុងខែមេសា។
លោក Pistorius បានថ្លែងប្រាប់អ្នកយកព័ត៌មានថា៖«ពេលវេលា គឺពិតជាសំខាន់ណាស់» ។ ដូច្នេះ យើងបានសុខចិត្តចំណាយថវិកាប្រព័ន្ធរ៉ុក្កែតនេះចំនួនបីពីស្តុកទ័ពអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែន។
ប្រព័ន្ធរ៉ុក្កែតចល័ត HIMARS ផលិតដោយក្រុមហ៊ុន Lockheed Martin Corp. បានបង្ហាញឲ្យថា មានសិទ្ធភាពប្រឆាំងនឹងផ្លូវផ្គត់ផ្គង់និងគ្រាប់រំសេវរបស់រុស្ស៊ីដែលនៅឆ្ងាយពីខ្សែត្រៀមជួរមុខ។
នៅទីក្រុងវ៉ាស៊ីនតោន លោក Pistorius បានស្វែងរកការបញ្ជូនសារដែលថា អាល្លឺម៉ង់កំពុងទទួលបន្ទុកផ្នែកយោធាកាន់តែធំ រួមទាំងក្នុងឧស្សាហកម្មការពារជាតិ ចាប់តាំងពីរុស្ស៊ី បានបើកការឈ្លានពានពេញទំហឹងលើអ៊ុយក្រែន ក្នុងឆ្នាំ ២០២២។