
យោធាចិនបានតាមយ៉ាងកៀកកិត និង «បានបង្ខំឲ្យចាកចេញ» ចំពោះនាវាពិឃាត USS Halsey ដែលបានបើកចូលដែនទឹកនៃប្រជុំកោះ Paracel ក្នុងសមុទ្រចិនខាងត្បូង នៅថ្ងៃសុក្រ (ទី១០ ខែឧសភា) នេះ។ នេះបើយោងតាមបញ្ជាការភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជន (PLA) ។
PLA បាននិយាយថា សកម្មភាពរបស់សហរដ្ឋអាមេរិក «រំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងសន្តិសុខរបស់ចិន»។ បញ្ជាការបានបន្ថែមថា «វាគឺជាភស្តុតាងដ៏រងមាំមួយផ្សេងទៀតនៃអនុត្តរភាពនៃការធ្វើនាវាចរណ៍ និងយោធូបនីយកម្មនៃសមុទ្រចិនខាងត្បូង» ដោយបន្ថែមថា កងទ័ពរបស់ខ្លួននឹងបន្តមានការប្រុងប្រយ័ត្នខ្ពស់ និងការពារសន្តិសុខជាតិ។
ចំណែកកងទ័ពជើងទឹកអាមេរិកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាពិឃាតបានអះអាងពីសិទ្ធិ និងសេរីភាព ក្នុងការធ្វើនាវាចរណ៍ នៅក្នុងសមុទ្រចិនខាងត្បូង ក្បែរប្រជុំកោះ Paracel ដោយ «ស្របតាមច្បាប់អន្តរជាតិ»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា នាវា USS Halsey បានចាកចេញពីតំបន់នោះ បន្ទាប់ពីចប់ប្រតិបត្តិការរបស់ខ្លួន និងបន្តដំណើរនៅសមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ថា ជម្លោះចុងក្រោយបំផុត រវាងចិន និងសហរដ្ឋអាមេរិក បានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង នៅក្នុងសមុទ្រចិនខាងត្បូងជាយុទ្ធសាស្ត្រ ដោយសម្ព័ន្ធមិត្តអាមេរិក គឺហ្វីលីពីន បានជាប់ក្នុងជម្លោះការទូតជាមួយទីក្រុងប៉េកាំង ជុំវិញដែនទឹកមានជម្លោះ នៅក្នុងតំបន់នេះ។
សូមបញ្ជាក់បន្ថែមថា ប្រទេសចិនទាមទារផ្នែកដ៏ធំនៃសមុទ្រចិនខាងត្បូង ក្នុងនោះរួមទាំងផ្នែកដែលទាមទារដោយហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេផងដែរ៕