
ប្រជាជនហ្វីលីពីនមានប្រតិកម្មតបមិនស្របគ្នានោះទេ ចំពោះការអំពាវនាវរបស់ទីប្រឹក្សាសន្តិសុខជាតិនៅថ្ងៃសុក្រ (១០ ឧសភា) នេះ ដែលចង់ឲ្យអ្នកការទូតចិនត្រូវបានបណ្តេញចេញ ជុំវិញការចោទប្រកាន់ពីការបញ្ចេញខ្សែអាត់សំឡេងនៃការសន្ទនាតាមទូរសព្ទជាមួយឧត្តមនាវីឯកហ្វីលីពីន។
ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo Ano បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះថា ស្ថានទូតចិនប្រចាំទីក្រុងម៉ានីល បានរៀបចំបង្កើតនូវ «សកម្មភាពដដែលៗនៃការចូលរួម និងការផ្សព្វផ្សាយព័ត៌មានខុស ព័ត៌មានមិនពិត និងព័ត៌មាននាំឲ្យកើតបញ្ហា» ដោយមានគោលបំណងសាបព្រួសភាពមិនចុះសម្រុង ការបែងចែក និងការមិនឯកភាពគ្នា។
ស្ត្រីម្នាក់ឈ្មោះ Maria Roselle Torres វ័យ ៥៣ឆ្នាំ បាននិយាយថា គាត់មិនជឿថា ការបណ្តេញចេញនឹងផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងនោះទេ ព្រោះអ្នកការទូតថ្មី នឹងធ្វើនូវ «អ្វីដែលរដ្ឋាភិបាលរបស់ពួកគេនិយាយ» ដដែល។ អ្នកផ្សេងទៀត ដូចជានិស្សិតមហាវិទ្យាល័យឈ្មោះ George Miguel មានអារម្មណ៍ថា ទំនាក់ទំនងការទូតល្អ នៅតែជាដំណោះស្រាយដ៏ល្អបំផុត។ និស្សិតរូបនេះបានប្រាប់ថា៖ «អ្វីដែលយើងចង់ចៀសវាង គឺហេតុការណ៍អាក្រក់បំផុត នោះគឺសង្គ្រាម»។
គួរបញ្ជាក់ថា ប្រទេសទាំង២ បានជាប់នៅក្នុងការប្រឈមមុខគ្នាជាបន្តបន្ទាប់ ក្នុងតំបន់មានជម្លោះ នៅសមុទ្រចិនខាងត្បូង។ ចិនបានចោទប្រកាន់ហ្វីលីពីនពីបទរំលោភបំពាន ខណៈទីក្រុងម៉ានីលបានស្តីបន្ទោសទីក្រុងប៉េកាំងថា ធ្វើនូវអ្វីដែលខ្លួននិយាយថា ជាគោលនយោបាយបង្កហេតុ៕