អាជ្ញាធរសង្គ្រោះបន្ទាន់បាននិយាយថា មនុស្សជិត១០០នាក់ បានទទួលការព្យាបាលដោយបុគ្គលិកពេទ្យ កាលពីថ្ងៃសុក្រ នៅពេលដែលរថភ្លើងដឹកអ្នកដំណើរចំនួន៧ទូរ បានបុកជាមួយរថភ្លើងទទេនៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។

ប្រធានអាជ្ញាធរសង្គ្រោះបន្ទាន់ លោក អាល់ប៊ឺតូ គ្រីសេនទី(Alberto Crescenti) បាននិយាយថា អ្នករងរបួស៩០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
អ្នកពន្លត់អគ្គីភ័យ នគរបាល និងរថយន្តសង្គ្រោះ នៅកន្លែងកើតហេតុ បានជួយជម្លៀសមនុស្ស និងដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យ។ វីដេអូ បង្ហាញពីរថភ្លើងដែលធ្វើដំណើរតាមផ្លូវនៅលើស្ពានមួយកន្លែងក្នុងសង្កាត់ Palermo រដ្ឋធានីប្រទេសអាហ្សង់ទីន។ ទូរថភ្លើងទីមួយ របស់រថភ្លើងដឹកអ្នកដំណើរ បានរេចេញពីផ្លូវ និងរងការខូចខាតក្នុងការបុកគ្នា។
ប្រតិបត្តិកររថភ្លើងគ្រប់គ្រងដោយរដ្ឋ ត្រេន អាចេនទីណូស(Trenes Argentinos) បាននិយាយថា ឧបទ្ទវហេតុ បានកើតឡើងនៅម៉ោង ១០:៣១ ព្រឹកម៉ោងក្នុងតំបន់ ហើយការស៊ើបអង្កេតលើមូលហេតុនៃគ្រោះថ្នាក់នេះកំពុងត្រូវបានធ្វើឡើង។
