អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃសុក្រ បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយពីសន្និសីទសង្គមស៊ីវិលក្នុងរដ្ឋធានីណៃរ៉ូប៊ី របស់ប្រទេសកេនយ៉ា ថា ការស្លាប់និងរងរបួសជនស៊ីវិលនៅក្នុងជម្លោះ នៅតំបន់ហ្កាហ្សា គឺមិនធ្លាប់មានពីមុនមក។
យោងតាមអាជ្ញាធរសុខាភិបាលនៅក្នុងតំបន់ហ៊ុមព័ទ្ធគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា ពលរដ្ឋតំបន់ហ្កាហ្សា ជាង៣៤.០០០នាក់ ត្រូវបានសម្លាប់ ក្នុងសង្គ្រាមរយៈពេល៧ខែមកនេះ ហើយមនុស្សរាប់ពាន់នាក់ទៀត បានស្លាប់ប្រហែលជាកប់នៅក្រោមកម្ទេចកម្ទីបាក់បែក។
លោក Guterres បាននិយាយរំលឹកឡើងវិញពីការអំពាវនាវរបស់អង្គការសហប្រជាជាតិ ឱ្យបញ្ចប់អរិភាព។
ទោះជាយ៉ាងណា ការចរចាបទឈប់បាញ់ ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ គ្មានកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា និងដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួននៅក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដឹកនាំដោយក្រុមហាម៉ាស លើប្រទេសអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស ១.២០០នាក់ នោះទេ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។
លោក Guterres សង្ឃឹមថា ការបញ្ចប់អរិភាព នឹងអនុញ្ញាតឱ្យមានដំណើរការមនុស្សធម៌ដោយគ្មានការរារាំង និងការដោះលែងចំណាប់ខ្មាំង។
កាលពីថ្ងៃសុក្រ ទីភ្នាក់ងារជំនួយបានព្រមានដោយនិយាយថា ការថយចុះការស្តុកស្បៀងអាហារ និងប្រេងឥន្ធនៈ អាចបង្ខំឱ្យប្រតិបត្តិការរបស់ពួកគេត្រូវបញ្ឈប់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនៅក្នុងតំបន់ហ្កាហ្សា ខណៈច្រកឆ្លងកាត់សំខាន់ៗនៅតែបិទ។

