អ្នកគ្រប់គ្រងមន្ទីរពេទ្យបាននិយាយថា ព្រះអង្គម្ចាស់ William កាលពីថ្ងៃសុក្រ បានផ្តល់ការវាយតម្លៃជាវិជ្ជមានអំពីព្រះរាជសុខភាពរបស់មហេសីទ្រង់ នៅក្នុងសេចក្តីអធិប្បាយមួយចំនួនពីរាជវង្សអំពីស្ថានភាពព្រះរាជសុខភាពរបស់ព្រះនាង Kate ចាប់តាំងពីព្រះនាង បានប្រកាសថាកំពុងទទួលការព្យាបាលជំងឺមហារីក។
ព្រះអង្គម្ចាស់ William បានយាងទស្សនកិច្ចនៅមន្ទីរពេទ្យសហគមន៍ St Mary នៅលើកោះ Scilly ជាប្រជុំកោះនៅឆ្នេរសមុទ្រ Cornish ភាគនិរតីប្រទេសអង់គ្លេស។ ព្រះអង្គយាងដំណើរទៅទីនោះ ដើម្បីបើកការដ្ឋានសាងសង់អគារថ្មី ដែលនឹងរួមបញ្ចូលគ្រែព្យាបាលអ្នកជំងឺ និងបន្ទប់សម្ភព។
អ្នកគ្រប់គ្រងមន្ទីរពេទ្យ លោក Tracy Smith បានប្រាប់អ្នកសារព័ត៌មានថា លោកបានសួរព្រះអង្គម្ចាស់ William អំពីមហេសីរបស់ព្រះអង្គ គឺព្រះនាង Kate ហើយព្រះអង្គ បានមានបន្ទូលថា ព្រះនាងមានព្រះរាជសុខភាពល្អ។
ព្រះរាជទាយាទនៃដែនដី វ៉េល(Wales) បានលាឈប់ពីកាតព្វកិច្ចសាធារណៈ បន្ទាប់ពីបានប្រកាសកាលពីថ្ងៃទី២២ ខែមីនា ថា ព្រះនាង ត្រូវបានពិនិត្យរោគវិនិច្ឆ័យថាមានទម្រង់នៃជំងឺមហារីក ដែលពុំត្រូវបានបង្ហាញ។ នៅក្នុងសារជាវីដេអូ ព្រះនាង មានបន្ទូលថា ព្រះនាង បានចាប់ផ្តើមព្យាបាលដោយប្រើប្រាស់ឱសថ។
ដំណឹងនេះបានកើតឡើងបន្ទាប់ពីមហាក្សត្រ Charles III បីតាក្មេករបស់ព្រះនាង ក៏បានប្រកាសពីការធ្វើរោគវិនិច្ឆ័យជំងឺមហារីកនេះដែរ។ ព្រះអង្គ បានយាងត្រលប់ទៅបំពេញព្រះរាជកិច្ចសាធារណៈវិញកាលពីសប្តាហ៍មុន បន្ទាប់ពីវិមាន Buckingham បាននិយាយថា វេជ្ជបណ្ឌិតបានលើកទឹកចិត្តដោយភាពប្រសើររបស់ព្រះអង្គ ទោះបីជាការព្យាបាលនៅតែបន្តក៏ដោយ។

