រយៈពេល២ថ្ងៃកន្លងទៅនេះ នៃពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព មន្រ្តីទីភ្នាក់ងារជាតិមុខរបរ និងការងារ លើកឡើងថា បានទាក់ទាញយុវជន សិស្សនិស្សិត និងសាធារណៈជនជាច្រើននាក់មកចូលរួមទស្សនា និងស្វែងយល់ពីព័ត៌មានទាក់ទងឱកាសការងារគ្រប់ប្រភេទ។

លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងកិច្ចសម្ភាស៍ជាមួយព័ត៌មាន ប៊ីធីវី នៅរសៀលថ្ងៃទី១០ ខឧសភានេះ បានឲ្យដឹងថា ជាទិដ្ឋភាពរួមក្នុងពិព័រណ៍នេះ សាធារណៈជនបន្តចូលរួមច្រើន ដោយគិតក្នុងថ្ងៃទី១ ឃើញមានការចាប់អារម្មណ៍ច្រើនពីសំណាក់សិស្សនិស្សិត យុវជន ជាពិសេសអ្នកកំពុងស្វែងរកការងារធ្វើ និងអ្នកចង់ផ្លាស់ប្តូរការងារតែម្តងគឺចំនួនកើនរហូតរាប់ពាន់នាក់ ដែលបានមកដាក់ពាក្យចូលរួមសិក្ខាសាលា ក៏ដូចជាដាក់ពាក្យសម្ភាសន៍ការងារភ្លាមៗជាមួយបណ្តាស្តង់ក្រុមហ៊ុន ដែលគាត់មានឱកាសបានប្រឹក្សាយោបល់ជាមួយអ្នកជំនាញអំពីឱកាសការងារដែលពួកគាត់កំពុងព្យាយាមស្វែងរក ដែលឃើញថា នេះគឺជាសញ្ញាមួយដែលបង្ហាញថា យុវជន សិស្ស និស្សិត មានការចាប់អារម្មណ៍ច្រើនអំពីពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ។
អ្នកស្រី ផូ សុភាព បុគ្គលិកធនធានមនុស្សក្រុមហ៊ុន ហ្វ័រវើដ ខេម (Forward Cam) បានឲ្យ ប៊ីធីវី ដឹងថា នេះជាលើកដំបូងដែលក្រុមហ៊ុនបានចូលរួម និងមើលឃើញថា ជាឱកាសដ៏ល្អបំផុតក្នុងការតាំងបង្ហាញនូវតម្រូវការជ្រើសរើសកម្លាំងពលកម្ម សម្រាប់ផ្តល់ជូនសាធារណជន ពិសេសអ្នកស្វែងរកការងារធ្វើ។ អ្នកស្រី បានបន្តថា ការសហការជាមួយនឹងទីភ្នាក់ងារជាតិមុខរបរ និងការងារ គឺជួយឱ្យក្រុមហ៊ុនទទួលបានបេក្ខជនល្អៗ និងអាចជួយផ្សព្វផ្សាយពីក្រុមហ៊ុន ដល់សាធារណជនទូទៅឱ្យបានស្គាល់ផងដែរ។

ស្រដៀងគ្នានេះ លោក សុខ វិចិត្រ ប្រធានទំនាក់ទំនងប្រាក់បញ្ញើរ នៃធនាគារ កាណាឌីយ៉ា បានឲ្យដឹងដែរថា កម្មវិធីនេះ ពិតជាបានផ្តល់សារប្រយោជន៍ជាច្រើនដល់យុវជន ដូចជាការផ្តល់ចំណេះដឹង និងឱកាសការងារជាច្រើនកន្លែងជូនទៅដល់អ្នកកំពុងស្វែងរកការងារ និងផ្តល់ជាការប្រឹក្សាយោបល់បន្ថែមផងដែរ ដើម្បីតម្រង់ទិសការងារ។
សូមជម្រាបជូនថា ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ រៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ។ ពិព័រណ៍នេះ មានរយៈពេល ២ថ្ងៃ គឺថ្ងៃទី៩ និង១០ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីបណ្តាក្រុមហ៊ុន សហគ្រាសធំៗចំនួន២៥ និងនាំយកឱកាសការងារចំនួន ៥,៤០០កន្លែង៕ អត្ថបទ៖ ឈិត បូរ៉ាវី








