មានការដាក់បន្ថែមប្រព័ន្ធការពារដែនអាកាសថ្មី មានកន្លែងត្រួតពិនិត្យសុវត្ថិភាពពិសេស ហើយនិងមានរបងចំនួន៣ ព័ទ្ធជុំវិញលេណដ្ឋាន។ លក្ខណៈសុវត្ថិភាពថ្មីទាំងនេះ និងការធ្វើឲ្យប្រសើរឡើងផ្សេងទៀតនៅឯឃ្លាំងអាវុធ នៅភាគកណ្តាលប្រទេសបេឡារុស បង្ហាញថា រុស្ស៊ីកំពុងសាងសង់កន្លែងនៅទីនោះដែលអាចជាទីតាំងដាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ ប្រសិនបើរុស្ស៊ីផ្លាស់អាវុធទៅកាន់ទីតាំងនេះ វានឹងជាលើកដំបូងដែលប្រទេសនេះបានរក្សាទុកគ្រឿងយុទ្ធោបរណ៍នៅក្រៅប្រទេស គិតចាប់តាំងពីសហភាពសូវៀត បានដួលរលំក្នុងឆ្នាំ១៩៩១។
រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែររួចហើយនៅលើដីរបស់ខ្លួនដែលនៅកៀកនឹងអ៊ុយក្រែន និងបណ្ដាប្រទេសសមាជិកអង្គការណាតូ ប៉ុន្តែដោយបង្កើតមូលដ្ឋានខ្លះនៅបេឡារុស រុស្ស៊ីហាក់ដូចជាកំពុងព្យាយាមបង្ហាញឲ្យឃើញពីការគំរាមកំហែងនុយក្លេអ៊ែររបស់ខ្លួន និងពង្រឹងដល់ការទប់ស្កាត់នុយក្លេអ៊ែររបស់ខ្លួន។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើការយោងទៅដល់ទីតាំងបែបនេះ នៅដើមឆ្នាំ២០២៣ ដោយនិយាយថា រុស្ស៊ីនឹងបញ្ចប់ការសាងសង់ «កន្លែងស្តុកពិសេស សម្រាប់អាវុធនុយក្លេអ៊ែរតាកទិក» នៅបេឡារុសឆាប់ៗនេះ។
សារព័ត៌មាន New York Times បានវិភាគរូបភាព និងរូបថតពីផ្កាយរណប ហើយបាននិយាយជាមួយអ្នកជំនាញគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងអាវុធ ដើម្បីតាមដានការសាងសង់ថ្មី ដែលបានចាប់ផ្តើម នៅក្នុងខែមីនា ឆ្នាំ២០២៣។ ទីតាំងនេះមានចម្ងាយ ១២០ម៉ាយល៍ (១៩៣គីឡូម៉ែត្រ) ពីភាគខាងជើងព្រំដែនអ៊ុយក្រែន នៅឯឃ្លាំងយោធាមួយ ជាប់នឹងទីក្រុង Asipovichy។
សំណង់មួយចំនួនដែលទើបសាងសង់ថ្មីៗ នៅទីនោះ មានលក្ខណៈជាពិសេសតែមួយគត់ សម្រាប់កន្លែងផ្ទុកនុយក្លេអ៊ែរ នៅមូលដ្ឋាន ក្នុងប្រទេសរុស្ស៊ី។ ជាឧទាហរណ៍ តំបន់ថ្មីដែលមានសុវត្ថិភាពខ្ពស់ ត្រូវបានហ៊ុមព័ទ្ធដោយរបង ៣ជាន់ បន្ថែមពីលើបរិវេណសុវត្ថិភាពដែលមានស្រាប់នៃមូលដ្ឋានទាំងមូល។ សញ្ញាផ្ដល់ព័ត៌មានមួយទៀត គឺកន្លែងផ្ទុកតភ្ជាប់ទៅនឹងអ្វីដែលហាក់ដូចជាលេណដ្ឋានក្រោមដីសម័យសូវៀតដែលលាក់ទុក៕

