អាស៊ាន៖ សមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានអំពាវនាវឱ្យសហភាពមីយ៉ាន់ម៉ាអនុម័តការតែងតាំង ប្រេសិតពិសេសអាស៊ានប្រចាំប្រទេសនេះជាបន្ទាន់។ ការអំពាវនាវនេះកើតឡើង ស្របពេលមានការប៉ាន់ប្រមាណថា អ្នកការទូតប្រ៊ុយណេម្នាក់ត្រូវបានគេពេញចិត្តយ៉ាងខ្លាំងចំពោះមុខតំណែងនេះ។
បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានបានជួបប្រជុំគ្នាតាម Video កាលពីថ្ងៃចន្ទដើម្បីពិភាក្សាពីការអនុវត្តកិច្ចព្រមព្រៀងឯកភាព ៥ចំណុចលើសហភាពមីយ៉ាន់ម៉ា ដែលត្រូវបានរៀបចំឡើងក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ានកាលពីខែមេសា។ កិច្ចព្រមព្រៀងនេះទាមទារឱ្យបញ្ឈប់ជាបន្ទាន់ រាល់អំពើហិង្សានៅក្នុងសហភាពមីយ៉ាន់ម៉ា និងការបញ្ជូនប្រេសិតពិសេសមួយរូបទៅសម្រុះសម្រួលចរចារវាងយោធា និងជំរំគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងចំណោមជំហានផ្សេងទៀត។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា ពួកលោកស្រីបានចំណាយពេលវេលាច្រើនណាស់ ដើម្បីពិភាក្សាថាតើត្រូវតែងតាំងអ្នកណាជាប្រេសិតពិសេស។
លោកស្រីបាននិយាយថា ដើមឡើយកិច្ចប្រជុំនេះត្រូវគ្រោងទុកថានឹងចំណាយពេល ២ម៉ោង ប៉ុន្តែតាមពិតបន្តរហូតដល់ទៅ ៥ម៉ោង។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីរូបនេះបានសម្ដែងការខកចិត្ត ចំពោះការរីកចម្រើនតិចតួចចាប់តាំងពីកិច្ចប្រជុំថ្នាក់ដឹកនាំ។ លោកស្រីបានជំរុញមីយ៉ាន់ម៉ាអនុម័តឲ្យបានលឿន នូវប្រេសិតដែលស្នើដោយអាស៊ាន៕
អត្ថបទ៖ សុខមាន