អភិបាលតំបន់លើកបន្តុបដោយរុស្ស៊ី នៅថ្ងៃសៅរ៍ (១១ ឧសភា) នេះ បាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែនពេញមួយយប់ បានសម្លាប់មនុស្ស ៣នាក់ បណ្ដាលឲ្យរបួស ៨នាក់ និងបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅឯឃ្លាំងស្តុកប្រេងមួយកន្លែង ក្នុងតំបន់ Luhansk ដែលកាន់កាប់ដោយអ៊ុយក្រែន។

ដោយសរសេរនៅលើកម្មវិធីផ្ញើសារ Telegram អភិបាលតំបន់ លោក Leonid Pasechnik បានឲ្យដឹងថា មនុស្ស ៨នាក់ នៅតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីមានការវាយប្រហារ កាលពីថ្ងៃសុក្រ (១០ ឧសភា) នៅទីក្រុង Rovenky ចម្ងាយ ៦០គីឡូម៉ែត្រ ពីភាគកណ្តាលតំបន់ Luhansk ។
នេះគឺជាលើកទី២ ក្នុងរយៈពេល ៣ថ្ងៃ ដែលមានការវាយប្រហារបែបនេះ។ នៅក្នុងករណីទាំង២ នេះ លោក Pasechnik បានលើកឡើងដោយគ្មានភស្តុតាងថា អ៊ុយក្រែនបានប្រើប្រាស់ប្រព័ន្ធមីស៊ីលតាកទិកកងទ័ព (ATACMS) ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ីគ្រប់គ្រងភាគច្រើននៃតំបន់ Luhansk ប៉ុន្តែមិនមែនទាំងអស់នោះទេ ដោយនេះជាតំបន់មួយក្នុងចំណោមតំបន់ចំនួន៤ ដែលត្រូវបានបញ្ចូលជាដែនដីឧបសម្ព័ន្ធដោយរុស្សី ក្នុងឆ្នាំ២០២២ បន្ទាប់ពីបានបើកការលុកលុយពេញលេញលើអ៊ុយក្រែន៕
