ទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិកដែលឃ្លាំមើលសកម្មភាពព្រះអាទិត្យ នៅថ្ងៃសៅរ៍ (ទី១១ ខែឧសភា) បានព្រមានថា វិទ្យុ GPS (ជីភីអេស) និងទំនាក់ទំនងផ្កាយរណប អាចរងផលប៉ះពាល់ នៅចុងសប្តាហ៍នេះ ដោយសារអណ្ដាតភ្លើងដ៏ខ្លាំងក្លារបស់ព្រះអាទិត្យ។

កាលពីថ្ងៃសុក្រ (១០ ឧសភា) អ្នកប្រើប្រាស់បណ្ដាញសង្គម បានថតជាប់ទិដ្ឋភាពពណ៌នៃពន្លឺអឌ្ឍគោលខាងជើង ឬពន្លឺ Aurora នៅរដ្ឋ Wisconsin សហរដ្ឋអាមេរិក។ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុអវកាសនៃរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA) បានពណ៌នាថា ជាស្ថានភាព «ធ្ងន់ធ្ងរខ្លាំង» ហើយបាននិយាយថា ព្រឹត្តិការណ៍ចុងក្រោយនៃទំហំស្រដៀងគ្នានេះ បានកើតឡើងនៅក្នុងខែតុលា ឆ្នាំ២០០៣ នៅពេលដែលការដំឡើងបណ្ដាញអគ្គិសនី នៅប្រទេសស៊ុយអែត និងអាហ្វ្រិកខាងត្បូង ត្រូវរងការខូចខាត។
NOAA បាននិយាយថា ព្យុះម៉ាញេទិកផែនដី ទំនងជាកើតមាននៅចុងសប្តាហ៍នេះ ដោយសារការហូរចេញនៃអណ្ដាតភ្លើងព្រះអាទិត្យជាច្រើន កំពុងធ្វើដំណើរឆ្ពោះមកកាន់ផែនដី។ NOAA បានបន្ថែមថា មូលហេតុគឺមកពីកញ្ចុំដុំខ្មៅស្មុគស្មាញធំៗ នៅលើព្រះអាទិត្យ ដែលមានអង្កត់ផ្ចិត ១៧ដងនៃផែនដី៕
