សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍ (ទី១១ ខែឧសភា) នេះ បាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ នៅប្រទេសហ្សកហ្ស៊ី ដែលទីក្រុងវ៉ាស៊ីនតោន បាននិយាយថា មានជម្រើស ក្នុងការគាំទ្រសេចក្ដីស្នើច្បាប់ភ្នាក់ងារបរទេស «រចនាប័ទ្មវិមានក្រឹមឡាំង» ឬបើមិនដូច្នោះទេគោលដៅអឺរ៉ូ-អាត្លង់តិករបស់ប្រជាជន។

ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក Jake Sullivan បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ នៅប្រទេសហ្សកហ្ស៊ី»។
លោកបាននិយាយថា៖ «សមាជិកសភាហ្សកហ្ស៊ីប្រឈមនឹងជម្រើសដ៏សំខាន់មួយ ពោលគឺថា តើត្រូវគាំទ្រគោលដៅអឺរ៉ូ-អាត្លង់ទិករបស់ប្រជាជនហ្សកហ្ស៊ី ឬអនុម័តច្បាប់ភ្នាក់ងារបរទេសតាមរចនាប័ទ្មវិមានក្រឹមឡាំង ដែលប្រឆាំងទៅនឹងតម្លៃប្រជាធិបតេយ្យ។ សម្រាប់ពួកយើង យើងឈរខាងប្រជាជនហ្សកហ្ស៊ី»។
គួរបញ្ជាក់ថា សេចក្ដីស្នើច្បាប់ដែលនឹងតម្រូវឲ្យអង្គការទទួលបានច្រើនជាង ២០ភាគរយនៃមូលនិធិរបស់ពួកគេពីបរទេសចុះឈ្មោះជា «ភ្នាក់ងារមានឥទ្ធិពលពីបរទេស» បានបញ្ឆេះឲ្យមានវិបត្តិនយោបាយរីករាលដាលភ្លាមៗ នៅហ្សកហ្ស៊ី ជាកន្លែងដែលមនុស្សរាប់ពាន់នាក់ បានធ្វើបាតុកម្មតវ៉ា ដើម្បីទាមទារឲ្យដកសេចក្ដីព្រាងច្បាប់នេះ៕
