អ៊ីស្រាអែល នៅថ្ងៃសៅរ៍ (ទី១១ ខែឧសភា) នេះ បានអំពាវនាវឲ្យប្រជាជនប៉ាឡេស្ទីនជម្លៀសចេញ សម្រាប់តំបន់ជាច្រើនទៀតនៃទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា ដោយឲ្យធ្វើដំណើរឆ្ពោះទៅកាន់កន្លែង ដែលខ្លួនហៅថា តំបន់មនុស្សធម៌ដែលត្រូវបានពង្រីកយ៉ាងធំ នៅទីក្រុង Al-Mawasi ដែលនេះជាការបង្ហាញបន្ថែមទៀតថា យោធាកំពុងបន្តទៅមុខជាមួយនឹងផែនការរបស់ខ្លួន ក្នុងការវាយប្រហារផ្លូវគោកលើទីក្រុង Rafah។
ហើយជាមួយគ្នានេះ តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X អ្នកនាំពាក្យយោធាក៏បានអំពាវនាវផងដែរឲ្យធ្វើដំណើរទៅទីកាន់ជម្រក នៅភាគខាងលិចទីក្រុងហ្កាហ្សាជាបន្ទាន់ សម្រាប់អ្នកស្រុក និងអ្នកផ្លាស់ទីលំនៅ ក្នុងតំបន់ Jabalia ភាគខាងជើងហ្កាហ្សា និងសង្កាត់ចំនួន ១១ផ្សេងទៀត នៅក្នុងដែនដីនេះ។
គួរបញ្ជាក់ថា ទោះបីជាមានការគាបសង្កត់ និងការព្រមានខ្លាំងៗពីសហរដ្ឋអាមេរិក ដែលត្រូវបានបង្ហាញដោយអ្នកស្រុក និងក្រុមមនុស្សធម៌ក៏ដោយ ក៏អ៊ីស្រាអែលបាននិយាយថា ខ្លួននឹងបន្តការលុកលុយចូលទៅក្នុងទីក្រុង Rafah ជាកន្លែងដែលមនុស្សភៀសខ្លួនជាង ១លាននាក់ បានស្វែងរកកន្លែងជ្រកកោន ក្នុងអំឡុងសង្គ្រាមរយៈពេល ៧ខែនេះ។
យោធាអ៊ីស្រាអែលបានឲ្យដឹងថា រហូតមកដល់ពេលនេះ ពលរដ្ឋតំបន់ហ្កាហ្សាប្រហែល ៣០០.០០០នាក់ បានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Al-Mawasi។ ហើយពាក់ព័ន្ធនឹងការសម្រេចបន្តយុទ្ធនាការរបស់ខ្លួន អ៊ីស្រាអែល លើកឡើងថា ខ្លួនមិនអាចឈ្នះសង្រ្គាមបាននោះទេ ប្រសិនបើមិនបានកម្ចាត់ឲ្យអស់នូវយុទ្ធជនរាប់ពាន់នាក់របស់ចលនាហាម៉ាសអ៊ីស្លាម ដែលខ្លួនជឿថា ត្រូវបានដាក់ពង្រាយនៅទីក្រុង Rafah នេះ៕



