អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសៅរ៍ (ទី១១ ខែឧសភា) បានឲ្យដឹងថា ទឹកជំនន់យ៉ាងគំហុកភ្លាមៗដែលបានហូរកាត់ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន បានបណ្ដាលឲ្យមនុស្សជាង ២០០នាក់ ស្លាប់នៅក្នុងខេត្តតែមួយ។
អង្គការអន្តរជាតិ សម្រាប់ទេសន្តរប្រវេសន៍ (IOM) របស់ UN បានប្រាប់សារព័ត៌មាន AFP ថា មនុស្សជាង ២០០នាក់ បានបាត់បង់ជីវិត និងផ្ទះរាប់ពាន់ខ្នងត្រូវបានបំផ្លាញ ឬរងការខូចខាត នៅក្នុងខេត្ត Baghlan ដោយសារភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃសុក្រ (ទី១០ ឧសភា) បានបង្កឲ្យមានទឹកជំនន់យ៉ាងធំ។

នៅក្នុងតំបន់ Baghlani Jadid តែមួយ ផ្ទះរហូតដល់ ១.៥០០ខ្នង ត្រូវបានបំផ្លាញ ឬរងការខូចខាត ហើយ «មនុស្សជាង ១០០នាក់ បានស្លាប់»។ នេះបើតាមអ្នកដឹកនាំឆ្លើយតបបន្ទាន់របស់ IOM ដែលបាននិយាយដោយដកស្រង់តួលេខពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិអាហ្វហ្គានីស្ថាន។
ចំណែកមន្ត្រីរដ្ឋាភិបាលតាលីបង់ បានឲ្យថា មនុស្ស ៦២នាក់ បានស្លាប់ គិតត្រឹមយប់ថ្ងៃទី១០ ខែឧសភា។ តាមរយៈសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម X (ពីមុនជា Twitter) នៅថ្ងៃទី១១ ខែឧសភានេះ ដោយមិនបានបែងចែកចំនួនអ្នកស្លាប់ និងរបួសនោះ ហើយបើទោះបីជាមិនបានប្រាប់សារព័ត៌មាន AFP ថា មនុស្សរាប់សិបនាក់ បានស្លាប់ក៏ដោយ ក៏អ្នកនាំពាក្យលោក Zabihullah Mujahid បានឲ្យដឹងថា៖ «បងប្អូនជនរួមជាតិរបស់យើងរាប់រយនាក់បានបាត់បង់ជីវិត ដោយសារទឹកជំនន់ដ៏អាក្រក់នេះ»។

គួរបញ្ជាក់ថា ខេត្តជាច្រើននៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន បានជួបប្រទះនឹងទឹកជំនន់ភ្លាមៗ ដោយក្រុមមន្ត្រីនៅភាគខាងជើងខេត្ត Takhar បានរាយការណ៍ថា មនុស្ស ២០នាក់ បានស្លាប់នៅថ្ងៃទី១១ ខែឧសភានេះ។
ក្រសួងការពារជាតិបានប្រាប់ថា បុគ្គលិកសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយទៅកាន់តំបន់រងគ្រោះ ហើយកំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះអ្នករបួស និងអ្នកជាប់នៅក្នុងតំបន់ជន់លិច៕

