សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានប្រគល់ដំរីចំនួន ២ក្បាល ជាតង្វាយថ្វាយព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវដាក់ឲ្យរស់នៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅ ខណៈនៅកម្ពុជាកំពុងមានវត្តមានដំរីព្រៃ និងដំរីស្រុកចំនួនជិត ៧០០ក្បាល។
ក្នុងពិធីប្រគល់ និងទទួល ដំរីចំនួនមួយគូ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យានសួនសត្វភ្នំតាម៉ៅ ឯកឧត្តម ឡីនខាំ ដួងសាវ៉ាន់ (Linkham DOUANGSAVANH) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើឡាវ បានថ្លែងថា ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា កាលពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ ឯកឧត្តម ថងលន់ ស៊ីសូលីត (Thongloun SISOULITH) ប្រធានរដ្ឋឡាវ បានថ្វាយនូវតង្វាយសត្វដំរីចំនួនមួយគូ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រកម្ពុជា ដើម្បីជានិមិត្តរូបនៃចំណងសាមគ្គីភាពរវាងរដ្ឋាភិបាល និងប្រជាជាតិទាំងពីរ ហើយព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យ ដោយសេចក្តីសោមនស្សជាអនេក ទទួលតង្វាយសត្វដំរីមួយគូនេះ និងប្រោសព្រះរាជប្រទានជូនមករាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹកនាំចាត់ចែងរៀបចំពិធីប្រគល់-ទទួល និងទទួលចិញ្ចឹមថែរក្សាជាបន្ត។
ឯកឧត្តម បានបន្តថា សម្រាប់ដំរីទាំង ២ក្បាល ជាតង្វាយនោះ មានសត្វដំរីញី-ឈ្មោលដែលមានប្រភពមកពីស្រុក Thongmixay ខេត្ត Xaigna-bouli ដោយដំរីញីឈ្មោះរំដួល មានអាយុ ៣ឆ្នាំ ៩ខែ និងដំរីឈ្មោលឈ្មោះ ចំប៉ា អាយុ ៣ឆ្នាំ ៧ខែ ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ក្រសួងបានរៀបចំសាងសង់តុបតែងទ្រុងសម្រា់ដំរីមួយគូនេះ នៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ខណៈឧទ្យាននេះ មានសត្វដំរីញី-ឈ្មោលចំនួន ៤ក្បាលស្រាប់ ក្នុងនោះញី២ក្បាល (ដំរីញី១ក្បាលឈ្មោះឡាក់គី មានអាយុ២៥ឆ្នាំ និង១ក្បាលទៀត ឈ្មោះចំរើនមានអាយុ ៣៥ឆ្នាំ) និងឈ្មោល២ក្បាល (ដំរីឈ្មោល១ក្បាលឈ្មោះឈូក អាយុ១៨ឆ្នាំ និង១ក្បាលទៀតឈ្មោះសាគរ មានអាយុ៣២ឆ្នាំ) ដែលកំពុងត្រូវបានថែទាំ និងផ្តល់ចំណីបានយ៉ាងល្អប្រសើរ ហើយដំរីទាំងពីរក្បាលដែលជាអំណោយរបស់ភាគីឡាវ នឹងត្រូវថែរក្សាជាមួយគ្នានឹងដំរីទាំង៤ក្បាល របស់ឧទ្យានសួនសត្វ ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា អំណោយដំរីមួយគូដ៏ថ្លៃថ្លានេះ នឹងចូលរួមរឹតបន្តឹងថែមទៀតនូវចំណងសាមគ្គីភាពជាប្រពៃណី និងជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត និងស្ថិតស្ថេររវាងប្រទេសទាំងពីរ ជាពិសេសក្នុងការថែរក្សាប្រភេទសត្វដំរី ដែលកំពុងរងគ្រោះ និងចូលរួមចំណែក ដល់ការអប់រំផ្សព្វផ្សាយអំពីបរិស្ថាន ដល់សាធារណជន នៃប្រទេសទាំងពីរ ការស្រាវជ្រាវវិទ្យាសាស្រ្ត ទេសចរណ៍ និងការអភិរក្សសត្វដំរីនៅក្រៅតំបន់ផងដែរ ។
ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជា សត្វដំរីកំពុងមានវត្តមាននៅភាគខាងជើង តំបន់ខ្ពង់រាបភាគខាងកើត និងតំបន់ជួរភ្នំក្រវាញ ហើយតាមការប៉ាន់ស្មានចំនួនសត្វដំរីព្រៃមានប្រមាណពី៤០០¬-៦០០ក្បាល និងសត្វដំរីស្រុកចំនួន ៧៥ក្បាលនៅកម្ពុជា។ កម្ពុជាក៏បានរៀបចំផែនការ សកម្មភាពអភិរក្សសត្វដំរីរយៈពេល១០ឆ្នាំ (២០២០ ២០២៩) ដោយបានដាក់ចេញនូវសកម្មភាព ជាយុទ្ធសាស្រ្ត ដើម្បីកាត់បន្ថយការគំរាមកំហែងដល់ការរស់នៅរបស់សត្វដំរី ដោយមានកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិរក្សនានា ហើយការអភិរក្សសត្វដំរីនៅកម្ពុជាសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ។ អំណោយដំរីមួយគូរបស់ឡាវ នឹងរួមចំណែកដល់ការបង្កើនចំនួនដំរីស្រុក នៅពេលដំរីទាំងពីរនៅវ័យក្មេង ដែលមានលទ្ធភាពបន្តពូជនៅពេលខាងមុខ និងជំនួសសត្វដំរីស្រុកដែលមានអាយុកាន់តែចាស់ ដោយសារកម្ពុជាមិនអនុញ្ញាតឱ្យមានការចាប់ទាក់សត្វដំរីព្រៃមកផ្សាំងទេ ៕អត្ថបទ បាន សុខរិទ្ធិ




