សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលជាមួយអង្គបោះឆ្នោត និងបង្ហាញបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពរជ័យ ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបានថ្លែងអំណអរគុណ កោតសរសើរ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង សាមគ្គីភាព ទទួលខុសត្រូវរបស់ ក្រុមការងារគ្រប់ថ្នាក់ដែលបានរួមគ្នាអនុវត្តបាននូវរាល់ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ។
ជាមួយគ្នានេះសម្តេចកិត្តិសង្គហបណ្ឌិត បានណែនាំឱ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ត្រូវ បន្តសាមគ្គីភាព ដោយទទួលខុសត្រូវខ្ពស់ បន្តថែរក្សាសុខភាព ពិនិត្យឯកសារបោះឆ្នោត បន្ត រួមគ្នាអនុវត្តផែនការឆ្ពោះទៅដណ្តើមបាននូវជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីបន្តជំរុញ និងលើកកម្ពស់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងចូលរួមទាំងអស់គ្នាអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដើម្បីបន្តពង្រឹងបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ សង្គមលើគ្រប់វិស័យ នាំមកវិបុលសុខ វិបុលភាពជូនប្រជាពលរដ្ឋយើង៕