ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋនៅតាមទីជនបទ និងដើម្បីជំរុញការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យសម្រេចបានតាមផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានបន្តប្រគល់សម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យចំនួន ១៧៩ ឈុតជូនដល់ប្រជាពលរដ្ឋដែលពុំមានបង្គន់អនាម័យប្រើប្រាស់ត្រឹមត្រូវ និងបន្តខួងអណ្តូងទឹកជាច្រើនបន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋតាមបណ្តាលភូមិនានាក្នុងស្រុកតាលោសែនជ័យ ដែលរស់នៅឆ្ងាយពីប្រភពទឹក។
លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានលើកឡើងថា សម្ភារៈសាងសង់បង្គន់អនាម័យដែលបងប្អូនប្រជាពលរដ្ឋទទួលបានក្នុងពេលនេះ គឺទទួលបានការគ្រាំទ្រថរិកាជាតិពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។ ក្នុងនោះមានសម្ភារៈបង្គន់អនាម័យចំនួន ១៧៩ ឈុតដែលប្រគល់ជូនប្រជាពលរដ្ឋ ដោយក្នុងមួយគ្រួសារទទួលបានលូមុខកាត់ ១ម៉ែត្រ ៣កង់ ជើងទម្រសម្រាប់ឱ្យលាមកហូរ១ គម្របលូស្តុកលាមក១ ផែនបិតការ៉ូ ១ ចានពកសឺឡែន១ បំពុងទុយោបង្ហូរលាមក១ ស័ង្កសី១០សន្លឹក ឥដ្ឋតាន់៦០ដុំ ស៊ីម៉ងត៍១០គីឡូ ធុងទឹកជ័រចំណុះ៣៥លីត្រ១ ទុយោបង្ហុយPVC ២១ ១ដើម។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តន៍ ផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ២០១១-២០២៥ ដោយប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យ ប្រកបដោយនិរន្តរភាព នៅត្រឹមឆ្នាំ២០២៥ ៕