ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបទេសខ្មែរ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា ការយល់ដឹង និងការគោពសិទ្ធិមនុស្សត្រូវមានភាពគ្រប់ជ្រុងជ្រោយរួមទាំងគ្មានស្តង់ដារទ្វេ ហើយគោរពអធិបតេយ្យភាពជាតិរបស់ប្រទេសនីមួយៗ ក៏ស្របតាមគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នាដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ តាមរយៈវីដេអូពីចម្ងាយ ដែលប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះនោះ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា ខណៈដែលអាស៊ានកំពុងប្រឈមមុខ នឹងផលប៉ះពាល់ដែលបង្កដោយការរីករាលដាលជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ មកលើប្រជាជនក្រីក្រ អាស៊ានគួរខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាជនទាំងនោះ និងបន្តវឌ្ឍនភាពនៃការកាត់បន្ថយភាពក្រីក្រ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់«ក្នុងការបែងចែករវាងការគោរពសិទ្ធិមនុស្ស និងសេរីភាព ក្នុងការលើកកម្ពស់ភាពសុខដុមរមនា និងវឌ្ឍនភាពរបស់មនុស្សជាតិ ពីការបន្លំប្រើប្រាស់គោលការណ៍ពិសិដ្ឋទាំងនេះ ដើម្បីបង្កឱ្យមានការស្អប់ខ្ពើម ភាពមិនចុះសម្រុងក្នុងសង្គម អស្ថិរភាព និងការជ្រៀតជ្រែកទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ហើយការយល់ដឹង និងការគោពសិទ្ធិមនុស្សត្រូវមានភាពគ្រប់ជ្រុងជ្រោយរួមទាំងគ្មានស្តង់ដារទ្វេ ហើយគោរពអធិបតេយ្យភាពជាតិរបស់ប្រទេសនីមួយៗ ស្របតាមគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នាផងដែរ»។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំនោះរដ្ឋមន្រ្តីការបរទេសអាស៊ានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្តេជ្ញាចិត្តប្រកាន់ខ្ជាប់របៀបវារៈសិទ្ធិមនុស្ស រួមទាំងការការពារ និងលើកកម្ពស់សេរីភាពស្នូលរបស់ប្រជាជនអាស៊ាន។ រដ្ឋមន្រ្តីការបរទេសអាស៊ានបានជំរុញឱ្យ AICHR កាន់តែសកម្មក្នុងការបំពេញភារកិច្ចលើកកម្ពស់ និងការពារសិទ្ធិមនុស្សទូទាំងអាស៊ាន ជាពិសេសអំឡុងពេលដ៏លំបាកដែលបណ្តាលមកពីការរីករាលដាលជំងឺកូវីដ-១៩នេះដែរ។
សេចក្តីប្រកាសព័ត៌មាន ក៏បានឲ្យដឹងផងដែរថា កិច្ចប្រជុំបានពិភាក្សាលើបញ្ហានានាពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ការលើកកម្ពស់សមាហរណកម្មតំបន់ ទិដ្ឋភាពនយោបាយ និងសន្តិសុខ និងបញ្ហាចាំបាច់បន្ទាន់ ដទៃទៀតដែលជាការយកចិត្តទុកដាក់ និងការបារម្ភរួម សម្រាប់តំបន់អាស៊ាន រួមទាំងបញ្ហាទំនាក់ទំនង ខាងក្រៅផងដែរ។
ប្រទេសជាសមាជិកអាស៊ានបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃតម្រូវការក្នុងការចាប់ផ្តើមឱ្យមានអភិក្រមរួម ប្រកបដោយបរិយាប័ន្ន និងរឹងមាំ ក្នុងការឆ្លើយតបចំពោះការប្រឈមភ្លាមៗ ជាពិសេស ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ និងធានាបាននូវការស្តារសេដ្ឋកិច្ចឡើងវិញ យ៉ាងឆាប់រហ័សនៅក្នុងតំបន់។ ក្នុងន័យនេះ កិច្ចប្រជុំបានឯកភាពពន្លឿនការអនុវត្តក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងផែនការអនុវត្ត ក៏ដូចជា គំនិតផ្តួចផ្តើមសំខាន់ៗផ្សេងទៀតដែលបានឯកភាពគ្នារួច រួមមាន កិច្ចព្រមព្រៀងច្រករបៀងធ្វើដំណើរនៅក្នុងតំបន់អាស៊ាន ដើម្បីធានាថា អាស៊ានងើបចេញពីជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយភាពកាន់តែរឹងមាំជាងមុន ។
រដ្ឋមន្រ្តីការបរទេសបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការជំរុញតំបន់និយម និងពហុភាគីនិយម ក៏ដូចជា ពង្រឹងនិម្មាបនកម្មតំបន់ដែលបើកចំហ មានតម្លាភាព ប្រកបដោយបរិយាប័ន្ន និងផ្អែកលើគោលការណ៍ច្បាប់ ដោយយកអាស៊ានជាស្នូលក្នុងការដោះស្រាយបញ្ហាប្រឈមរួម ដោយឈរលើផលប្រយោជន៍ទៅវិញទៅមក។
ជាមួយគ្នានោះរដ្ឋមន្ត្រីការបរទេសបានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួម រួមមាន កិច្ចសហប្រតិបត្តិការនិងសន្តិសុខលំហសមុទ្រ សមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ ស្ថានការណ៍នៅមជ្ឈឹមបូព៌ា ការវិវត្តនៅប្រទេសមីយ៉ាន់ម៉ា និងបញ្ហាឆ្លងដែនផ្សេងៗ រួមមាន បញ្ហាសន្តិសុខអ៊ីនធឺណិត។
កិច្ចប្រជុំបានឯកភាពធ្វើឱ្យប្រសើរឡើងនូវការអនុវត្តវិស័យយុទ្ធសាស្ត្រចំនួន៤ នៃកិច្ចសហប្រតិបត្តិការក្រោមទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ក្នុងការចូលរួមរបស់អាស៊ានជាមួយដៃគូខាងក្រៅ ជាពិសេស តាមរយៈក្របខ័ណ្ឌអាស៊ានបូកបី និងកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា (EAS)។
ដើម្បីតាមដានលទ្ធផលពីកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបង្ហាញការប្តេជ្ញាចិត្តពន្លឿនការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ជាពិសេស ការចាប់ផ្តើមបេសកកម្មរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដើម្បីសម្រុះសម្រួលដំណើរការនៃកិច្ចសន្ទនា និងជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា។
រដ្ឋមន្ត្រីការបរទេសអាស៊ានបានឯកភាពចាប់ផ្តើមផ្តល់នូវជំនួយមនុស្សធម៌ ដោយគ្មានការពន្យារពេល តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីឆ្លើយតបការរីករាលដាលនៃជំងឺកូវីត១៩ នៅក្នុងមីយ៉ាន់ម៉ា៕
អត្ថបទ ៖ បាន ចក់



