សាក្សីម្នាក់ បានថតភ្លាមៗនូវបុរសម្នាក់ ដែលត្រូវបានជួយសង្រ្គោះ ចេញពីគំនរបាក់បែកនៃអគារដែករលំក្នុងក្រុងចច(George) ប្រទេសអាហ្រ្វិកខាងត្បូង កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

រយៈពេល៥ថ្ងៃ បន្ទាប់ពីការបាក់រលំអគារដ៏មហន្តរាយ ក្នុងប្រទេសអាហ្រ្វិកខាងត្បូង បុគ្គលិកជួយសង្រ្គោះ អាចត្រូវបានមើលឃើញ កំពុងសែងបុរសម្នាក់ នៅលើហ្រ្វង់កាមួយ ដែលព័ទ្ធជុំវិញទៅដោយបន្ទះបេតុងដែលបាក់បែកនិងកម្ទេចថ្ម។
យោងតាមសេចក្ដីថ្លែងការណ៍មួយ ដែលចេញដោយក្រុមមន្រ្ដីកាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា ចំណោមកម្មករសំណង់៨១នាក់ ដែលបានស្ថិតនៅការដ្ឋានសំណង់ នៅពេលអគារ កម្ពស់៥ជាន់បានបាក់រលំ មនុស្ស១៣នាក់ ត្រូវគេបញ្ជាក់ថា បានស្លាប់ និងមនុស្ស២៩នាក់នៅរស់ ហើយនិង៣៩នាក់ទៀត បាត់ខ្លួននៅឡើយ។

គេមិនទាន់ដឹងច្បាស់នៅឡើយទេថាអគារនោះបានបាក់រលំដោយរបៀបណា។ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង បានអំពាវនាវ អោយធ្វើការស៊ើបអង្កេតជាបន្ទាន់ចំពោះហេតុការណ៍នោះ៕