១២ ឧសភា ១៩៧៨ គឺជាថ្ងៃកំណើត កងកម្លាំងប្រដាប់អាវុធនៃចលនាតស៊ូរំដោះជាតិកម្ពុជា ក្រោមការដឹកនាំដោយផ្ទាល់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មុននឹងឈានដល់ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៧៨។
កងកម្លាំងប្រដាប់អាវុធនៃចលនាតស៊ូរំដោះជាតិកម្ពុជា មានឈ្មោះថា អង្គភាព១២៥ ដែលអង្គភាពនេះមានទីតាំងដំបូងស្ថិតនៅ ឃុំឡុងយ៉ាវ ស្រុកគីមមី ខេត្តដុងណាយ ប្រទេសវៀតណាម បង្កើតឡើងក្នុងគ្រាដែលសម្ដេចតេជោ ហ៊ុន សែន កំពុងស្ថិតនៅប្រទេសវៀតណាម ជាពេលដែលសម្ដេច និងយុទ្ធមិត្ត ៤ រូបទៀត ធ្វើដំណើរទៅស្នើសុំការជួយពីមិត្តវៀតណាមដើម្បីផ្ដួររំលំរបបកម្ពុជាប្រជាធិបតេយ្យ។
សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ឱ្យដឹងថា ការដាក់ឈ្មោះអង្គភាព១២៥ ដោយសារសម្ដេចបង្កើតអង្គភាពនៅថ្ងៃទី ១២ ខែ៥ ក្រោយមកទើបវរសេនាតូចជាច្រើនទៀតបង្កើតជាបន្តបន្ទាប់។
ការបង្កើតកងកម្លាំងប្រដាប់អាវុធដំបូង ដែលបានបង្កើតឡើងកាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ១៩៧៨ គឺមានសារៈសំខាន់សម្រាប់ឱ្យពលរដ្ឋខ្មែរជំនាន់ក្រោយ បានយល់ដឹងពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជា ពិសេសពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលបានយកអាយុជីវិតធ្វើជាដើមទុនជាច្រើនលើករហូតប្រទេសជាតិកម្ពុជា បានចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត នាឆ្នាំ១៩៧៩ និងទទួលបានសុខសន្តិភាពពេញលេញនាឆ្នាំ១៩៩៨ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕





