កម្មវិធីស្បៀងអាហារពិភពលោកបាននិយាយកាលពីថ្ងៃសៅរ៍ ១១ ឧសភា ថា មនុស្សជាង ៣០០ នាក់បានស្លាប់ក្នុងទឹកជំនន់ដ៏គំហុក ដែលបានបំផ្លិចបំផ្លាញខេត្តជាច្រើនរបស់ប្រទេសអាហ្វហ្គានីស្ថាន ខណៈក្រុមអាជ្ញាធរបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងបានប្រញាប់ប្រញាល់ជួយសង្គ្រោះអ្នករងរបួស។

ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសុក្រ បានធ្វើឱ្យទឹកទន្លេហក់ឡើងហៀរប្រៀបច្រាំង ហើយល្បាប់ហូរកប់ភូមិនានា និងគ្របដណ្ដប់ពាសពេញដីកសិកម្មក្នុងខេត្តមួយចំនួន។

អ្នកសារព័ត៌មាន AFP បានឃើញ អ្នកនៅរស់រានមានជីវិតកាលពីថ្ងៃសៅរ៍ នាំគ្នាសម្អាតផ្លូវផ្សេងៗដែលគ្របដណ្ដប់ដោយល្បាប់ កម្ទេចកម្ទី និងអគារដែលរងការខូចខាត ។ ស្របពេលក្រុមអាជ្ញាធរ និងក្រុមអង្គការមិនមែនរដ្ឋាភិបាល បានដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះ និងផ្ដល់ជំនួយ ដោយព្រមានថា តំបន់មួយចំនួនត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់។

យោងតាមអង្គការ WFP ខេត្ត បាឡាន (Baghlan) ភាគខាងជើង គឺជាខេត្តមួយក្នុងចំណោមខេត្តជាច្រើនដែលរងគ្រោះខ្លាំងជាងគេបំផុត ដោយមនុស្សជាង ៣០០ នាក់បានស្លាប់នៅក្នុងខេត្តនេះតែមួយគត់ ហើយផ្ទះសម្បែងប្រជាពលរដ្ឋរាប់ពាន់ខ្នង ត្រូវបានបំផ្លាញ ឬខូចខាត ។
លោក រ៉ាណា ឌើរ៉ាស់ (Rana Deraz) មន្ត្រីទំនាក់ទំនងរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានប្រាប់សារព័ត៌មាន AFP ថា តាមព័ត៌មានបច្ចុប្បន្ន នៅក្នុងខេត្ត បាឡាន មានអ្នកស្លាប់ចំនួន ៣១១នាក់ លំនៅឋានចំនួន២.០១១ ខ្នងត្រូវបានបំផ្លាញ និងផ្ទះចំនួន២.៨០០ ខ្នងត្រូវបានខូចខាត៕