ប្រជាពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់ បានចេញតវ៉ាតាមផ្លូវនានា កាលពីថ្ងៃសៅរ៍ ១១ ឧសភា ដោយទាមទារឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ធ្វើការងារបន្ថែមទៀតដើម្បីធានាឲ្យបានការដោះលែងចំណាប់ខ្មាំង ដែលកំពុងត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្កាហ្សាស្ទ្រីប ។

នគរបាលអ៊ីស្រាអែល បានរុញក្រុមបាតុករ និងប្រើកាណុងបាញ់ទឹកទៅលើពួកគេ អំឡុងការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងក្រុង Tel Aviv ។
សមាជិកគ្រួសារចំណាប់ខ្មាំង ដែលកាន់រូបថតមនុស្សជាទីស្រលាញ់របស់ពួកគេនៅតែជាប់ឃុំ បានចូលរួមជាមួយក្រុមមនុស្សដែលធ្វើបាតុកម្មនៅទីក្រុង Tel Aviv។

យោងទៅតាមអាជ្ញាធរអ៊ីស្រាអែល ម្នាក់ក្នុងចំណោមក្រុមអ្នកតវ៉ា គឺ អ្នកស្រី ណាម៉ា វ៉េប៊ើក (Naama Weinberg) ដែលបងប្អូនជីដូនមួយរបស់អ្នកស្រី ឈ្មោះ អ៊ីតៃ ស្វីស្គី (Itai Svirsky) ត្រូវបានក្រុម ហាម៉ាស ចាប់យកទៅក្នុងអំឡុងការវាយលុកកាលពីថ្ងៃទី ៧ ខែតុលា នៅទីប្រជុំជនមួយក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានសម្លាប់នៅក្នុងការជាប់ឃុំឃាំង។ អ្នកស្រីបាននិយាយដោយយោងតាមវីដេអូមួយរបស់ក្រុមហាម៉ាសដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃសៅរ៍ ថាចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលម្នាក់ទៀតបានស្លាប់។
ខណៈពេលល្ងាចបានចូលមកដល់ ក្រុមអ្នកតវ៉ាមួយចំនួនបានបិទផ្លូវធំមួយក្នុងទីក្រុងនេះ មុនពេលត្រូវបានបំបែកដោយកម្លាំងនគរបាល ដែលបានប្រើកាណុងបាញ់ទឹកដើម្បីរុញក្រុមអ្នកតវ៉ាឲ្យថយក្រោយ ហើយយ៉ាងហោចណាស់មនុស្សបីនាក់ត្រូវបានចាប់ខ្លួន៕