នៅព្រឹកថ្ងៃទី១២ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅភូមិគ្រើល ឃុំពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ សរុបចំនួន ២៩៣៨នាក់ ស្មើនឹង ៥១៦៦ករណី ស្ថិតនៅក្នុងបរិវេណ អនុវិទ្យាល័យ- បឋមសិក្សា ហ៊ុនសែនគ្រើល អណ្តូងពោធិ៍។
នាឱកាសនោះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី លោកតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ជាក់ស្ដែងថ្ងៃនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុង ស្រុកតាំងគោក ខេត្តកំពង់ធំនេះ ដោយឥតគិតថ្លៃអ្វីទាំងអស់ រួមមានជំងឺ៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, និងបញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរ ប្រកបដោយបេះដូង ទឹកចិត្តមនុស្សធម៌ និងស្នាមញញឹម ដែលសកម្មភាពនេះ បានបង្កើតឡើងអស់រយៈពេល១២ឆ្នាំមកហើយ។
ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេក ចំពោះលោកជំទាវបណ្ឌិត ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យនិង ព្យាបាលសុខភាពរបស់ពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងមិនមានការបង់ថ្លៃអ្វីទាំងអស់ នេះជាការលើកឡើងរបស់ពួកគាត់។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម (TYDA) ព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋដោយគិតថ្លៃ នាឱកាសនេះ សរុបមានចំនួន ២៩៣៨នាក់ ស្មើនឹង ៥១៦៦ ករណី។ ក្នុងនោះករណីឈឺធ្ងន់ធ្ងរត្រូវបញ្ជូនមកព្យាបាលបន្តមានចំនួន៧៧នាក់។ រាល់ការចំណាយទាំងអស់ ក្នុងសកម្មភាពនេះ គឺឧបត្ថម្ភដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតផ្ទាល់។
ក្នុងឱកាសនេះដែរ ក្រៅពីការពិនិត្យ និងព្យាបាលជំងឺ លោកជំទាវបណ្ឌិត បានចែកជូននៅកាបូប ស្ពាយ ទៅដល់សិស្សានុសិស្សមួយចំនួនទៀតផងដែរ៕













