អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ១១ ឧសភា បានវាយប្រហារផ្នែកខ្លះនៃតំបន់ហ្កាហ្សា រួមទាំងទីក្រុង រ៉ាហ្វា (Rafah) ជាទីដែលខ្លួនបានពង្រីកបញ្ជាជម្លៀស ខណៈអង្គការសហប្រជាជាតិបានព្រមានថាការលុកលុយភ្លាមៗលើទីក្រុងនេះ ដែលជាជម្រកចុងក្រោយរបស់ពលរដ្ឋហ្កាហ្សា នឹងបណ្ដាលមនុស្សប្រឈមនឹងគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរ។

អ្នកសារព័ត៌មាន AFP គ្រូពេទ្យ និងអ្នកឃើញហេតុការណ៍ បានរាយការណ៍ថាមានការវាយប្រហារនៅទូទាំងតំបន់ឆ្នេរ ដែលអង្គការសហប្រជាជាតិនិយាយថាការផ្តល់ជំនួយមនុស្សធម៌ត្រូវបានរារាំង បន្ទាប់ពីទាហានអ៊ីស្រាអែលបានផ្គើននឹងការប្រឆាំងជាអន្តរជាតិ និងបានចូលទៅកាន់ភាគខាងកើតក្រុងរ៉ាហ្វា ក្នុងសប្តាហ៍នេះ។

សេចក្តីថ្លែងការណ៍របស់មន្ទីរពេទ្យបាននិយាយថាមនុស្សយ៉ាងហោចណាស់ ២១ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងការវាយប្រហារនៅកណ្តាលដែនដីហ្កាហ្សា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ អាល់ អាកសា ម៉ាធ័រ (Al-Aqsa Martyrs) ក្នុងទីក្រុង ឌៀរ អាល់ បាឡា (Deir al-Balah) ។
អ៊ីស្រាអែល បានអំពាវនាវកាលពីយប់ថ្ងៃសៅរ៍ទី១១ឧសភា ឲ្យពលរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់នានានៃទីក្រុងរ៉ាហ្វា នៅភាគខាងត្បូងរបស់ដែនដីហ្កាហ្សា ជម្លៀសខ្លួនចេញមុនអ្វីដែលខ្លួន បានហៅថា ជាការពង្រីកតំបន់មនុស្សធម៌ ក្នុងទីប្រជុំជន អាល់ ម៉ាវ៉ាស៊ី ( Al-Mawasi) ក្នុងការបង្ហាញបន្ថែមទៀតថាយោធាកំពុងដើរទៅមុខតាមផែនការសម្រាប់ការវាយប្រហារដោយថ្មើរជើងលើទីក្រុងរ៉ាហ្វា៕