ក្រុមអាជ្ញាធរ បាននិយាយនៅថ្ងៃអាទិត្យទី១២ឧសភា ថា ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានទឹកជំនន់ និងបំណាក់ដី នៅក្នុងខេត្តស៊ូម៉ាត្រាខាងលិច របស់ប្រទេសឥណ្ឌូនេស៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់២៨នាក់ និង ៤ នាក់ទៀតកំពុងបាត់ខ្លួន។

លោក អាប់ឌុល ម៉ាលីក (Abdul Malik) ប្រធានក្រុមជួយសង្គ្រោះប្រចាំខេត្តនេះ បានប្រាប់សារព័ត៌មាន Reuters ថា មានមនុស្ស ២៨នាក់បានស្លាប់ ហើយយើងនៅតែកំពុងស្វែងរកមនុស្ស ៤ នាក់ផ្សេងទៀតដែលកំពុងបាត់ខ្លួន ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ BNPB បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទឹកជំនន់ចាប់តាំងពីយប់ថ្ងៃសៅរ៍ បាននាំបង្កឲ្យមានល្បាប់គ្របដណ្ដប់តំបន់ តាណា ដាតា (Tanah Datar) ដែលប៉ះពាល់ដល់អនុសង្កាត់ចំនួន៥។

BNPB បាននិយាយថាការវាយតម្លៃចុងក្រោយរបស់ខ្លួនបានបង្ហាញថាផ្ទះសម្បែងពលរដ្ឋចំនួន ៨៤ ខ្នងនិងស្ពានចំនួន១៥ខ្សែ ត្រូវបានរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយនេះ ដោយបន្ថែមថាគ្រឿងចក្រធុនធ្ងន់ត្រូវបានដាក់ពង្រាយដើម្បីបង្កើនល្បឿននៃការសម្អាតផ្លូវ៕