រុស្ស៊ីនិយាយកាលពីថ្ងៃសៅរ៍១១ឧសភាថាខ្លួនដណ្តើមបានភូមិចំនួន៥ក្នុងតំបន់ខាគីវ (Kharkiv)ភាគឦសានរបស់ប្រទេសអ៊ុយក្រែន អំឡុងការវាយលុកដីដ៏គួរឱ្យភ្ញាក់ផ្អើល ដែលបានជំរុញឱ្យមានការជម្លៀសមនុស្សប្រមាណ១.៧៧៥នាក់ ដោយសារមានការវាយប្រហារគ្នាដ៏ខ្លាំងក្លា ខណៈលោកប្រធានាធិបតី Volodymyr Zelenskyy បានធ្វើការអំពាវនាវរកជំនួយយោធាជាបន្ទាន់។

ក្រសួងការពារជាតិរបស់ទីក្រុងមូស្គូនិយាយថា កងទ័ពរបស់ខ្លួនបានរំដោះ ភូមិចំនួន៥នៅក្នុងតំបន់ ខាគីវ របស់អ៊ុយក្រែននៅជិតព្រំដែនរុស្ស៊ីគឺភូមិ បូរីស៊ីវកា(Borysivka)ភូមិ អូហ្គើស្ទេវ (Ogirtseve) ភូមិ ផ្លេតេនីវកា (Pletenivka) ភូមិភីលណា (Pylna) និង ភូមិ ស្ទ្រីឡេចា (Strilecha) ព្រមទាំងដណ្តើមបានភូមិមួយ នៅក្នុងតំបន់ដូណេត (Donetsk) ផងដែរ ។

ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើតំបន់ខាគីវ ដែលជាការរុលទៅមុខតិចតួចចូលទៅក្នុងតំបន់ព្រំដែន ពីកន្លែងដែលខ្លួនត្រូវបានកងទ័ពអ៊ុយក្រែនរុញត្រឡប់ក្រោយវិញជិតពីរឆ្នាំមុន។
ក្រោយមកកាលពីថ្ងៃសៅរ៍ ទីបញ្ជាការយោធាអ៊ុយក្រែនបាននិយាយថា កងទ័ពថ្មើរជើងរបស់រុស្ស៊ី មានការគាំទ្រពីការវាយប្រហារតាមអាកាស។

លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាពេលយប់របស់លោកកាលពីថ្ងៃសៅរ៍ថា កងទ័ពអ៊ុយក្រែន បាននិងកំពុងវាយប្រហារតបតនៅក្នុងភូមិនានាតាមព្រំដែនក្នុងតំបន់ខាគីវ ៕