ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអាទិត្យ ១២ ឧសភាថា ការលើកឡើងរបស់លោកJoe Biden ថាបទឈប់បាញ់នៅដែនដីហ្កាហ្សានឹងអាចទៅរួច ប្រសិនបើក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងរបស់ខ្លួន គឺជា ការដើរថយក្រោយសម្រាប់ការចរចា។

ក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងថ្កោលទោសជំហរនេះដោយប្រធានាធិបតីអាមេរិក យើងចាត់ទុកថាជាករដើរថយក្រោយពីលទ្ធផលនៃជុំចុងក្រោយនៃការចរចា ដែលនាំទៅដល់ការព្រមព្រៀងរបស់ចលនានេះ ចំពោះសំណើដែលដាក់ចេញដោយក្រុមអ្នកសម្របសម្រួល។

លោក Biden បាននិយាយកាលពីថ្ងៃសៅរ៍ថា បទឈប់បាញ់នៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសនឹងអាចនឹងកើតឡើងនៅថ្ងៃស្អែក ប្រសិនបើក្រុមហាម៉ាស ព្រមដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួននៅក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ខែតុលាឆ្នាំមុន ។

លោកប្រធានាធិបតីអាមេរិកបានលើកប្រធានបទចំណាប់ខ្មាំងនេះ ក្នុងអំឡុងសុន្ទរកថានៅទីក្រុង ស៊ីអាថល (Seattle) បន្ទាប់ពីបានព្រមានអ៊ីស្រាអែលថាលោកនឹងឈប់ផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ និងអាវុធផ្សេងទៀត ប្រសិនលោល Netanyahu បញ្ជូនកងទ័ពថ្មើរជើងចូលទៅក្នុងទីក្រុងរ៉ាហ្វា។
ការចរចារវាងក្រុមហាម៉ាស និងអ៊ីស្រាអែល សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះដូរចំណាប់ខ្មាំង ដែលសម្របសម្រួលដោយអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក ទំនងជាបានជាប់គាំងស្របពេលមានសកម្មភាពយោធាអ៊ីស្រាអែលនៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្កាហ្សា។
ក្រុមហាម៉ាស បាននិយាយថា លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាន ប្រញាប់ប្រញាល់លុបចោលការចរចា ដើម្បីបើកការវាយលុកនៅទីក្រុងរ៉ាហ្វា៕