ទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យ (១២ ឧសភា) ថា យ៉ាងហោចណាស់ជនស៊ីវិល ២៧ នាក់ត្រូវបានសម្លាប់ និងប្រហែល ១៣០ នាក់បានរងរបួស បន្ទាប់ពីការបន្តជាថ្មីនៃជម្លោះរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នៅក្នុងទីក្រុង អែល ហ្វាស្ហើ (El Fasher) រដ្ឋធានីនៃរដ្ឋ ណស ដាហ្វឺ (North Darfur)។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ប្រជាជនប្រមាណ ៨៥០ នាក់ ដែលប្រហែល ១៧០ គ្រួសារ ត្រូវបានផ្លាស់ទីលំនៅទៅកាន់ទីតាំងផ្សេងៗគ្នានៅទូទាំងតំបន់ អែល ហ្វាស្ហើ ដោយសារតែការប៉ះទង្គិចគ្នាថ្មីនេះ។

អស់រយៈពេលជាច្រើនសប្តាហ៍ កងកម្លាំងគាំទ្ររហ័ស RSF បាននឹងកំពុងប្រមូលផ្តុំអ្នកប្រយុទ្ធរាប់ពាន់នាក់នៅជាយក្រុង អែល ហ្វាស្ហើ ក្នុងការរៀបចំសម្រាប់ការវាយប្រហារ ខណៈដែលកងកម្លាំងប្រដាប់អាវុធស៊ូដង់ SAF និងក្រុមប្រដាប់អាវុធនៅរដ្ឋដាហ្វឺ ដែលជាសម្ព័ន្ធមិត្ត បានពង្រឹងវត្តមានយោធារបស់ពួកគេនៅច្រកចូលក្រុង អែល ហ្វាស្ហើ និងជុំវិញតំបន់លំនៅឋានភាគច្រើននៃទីក្រុង។
កាលពីសប្តាហ៍មុន អង្គការសហប្រជាជាតិបានព្រមានថា មនុស្សប្រហែល ៨០០.០០០ នាក់នៅក្នុងទីក្រុង អែល ហ្វាស្ហើ កំពុងស្ថិតក្នុង «គ្រោះថ្នាក់ធ្ងន់ធ្ងរ និងភ្លាមៗ» ខណៈដែលអំពើហិង្សាកាន់តែអាក្រក់ទៅៗ និងគំរាមកំហែងដល់ «ការបង្កជម្លោះដ៏បង្ហូរឈាមរវាងសហគមន៍» នៅទូទាំងតំបន់ ដាហ្វឺ៕
