ស្ថាប័នការពារជនស៊ីវិលក្នុងតំបន់ បាននិយាយកាលពីថ្ងៃអាទិត្យ (១២ ឧសភា) ថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋ រីអូ ក្រានដេ ដូស៊ុល (Rio Grande do Sul) របស់ប្រទេសប្រេស៊ីល បានកើនឡើងដល់ ១៤៣ នាក់ ខណៈភ្លៀងនៅតែបន្តធ្លាក់លើរដ្ឋដែលរងគ្រោះមួយនេះ។

មនុស្ស ១២៥ នាក់ផ្សេងទៀតនៅតែមិនទានជួយសង្រ្គោះបាន ខណៈដែលកម្ពស់នៃទឹកទន្លេ ត្រូវបានរាយការណ៍ថាកំពុងកើនឡើងបន្ថែមទៀត។ សេវាអាកាសធាតុរបស់ប្រេស៊ីល បានហៅស្ថានភាពនេះថា «គួរឱ្យព្រួយបារម្ភខ្លាំងណាស់»។

នៅល្ងាចថ្ងៃសៅរ៍ រដ្ឋាភិបាលបានប្រកាសប្រហែល ១២,១ ពាន់លានរ៉េអាល់ (២,៣៤ ពាន់លានដុល្លារ) ក្នុងការចំណាយគ្រាអាសន្ន ដើម្បីដោះស្រាយវិបត្តិដែលបានជម្លៀសមនុស្សជាង ៥៣៨.០០០ នាក់នៅក្នុងរដ្ឋ ក្នុងចំណោមប្រជាជនប្រហែល ១០,៩ លាននាក់។ ប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីណាស៊ីអូ លូឡា ដាស៊ីលវ៉ា (Luiz Inacio Lula da Silva) បាននិយាយថា រដ្ឋនឹងសាងសង់ឡើងវិញនូវអ្វីដែលត្រូវបានបំផ្លាញ។

ភ្លៀងបានធ្លាក់ខ្លាំងកាលពីថ្ងៃអាទិត្យ ហើយត្រូវបានគេរំពឹងទុកថានឹងបន្តធ្លាក់នៅថ្ងៃចន្ទនេះ។ តិចជាងពីរសប្តាហ៍បន្ទាប់ពីភ្លៀងបានចាប់ផ្តើម រដ្ឋបានប្រកាសអាសន្នម្តងទៀតជាមួយនឹងហានិភ័យនៃទឹកដែលបន្តកើនឡើងនៅបឹង ហ្គូអៃបា (Guaiba) ក្បែររដ្ឋធានី ព័រតូ អាលេហ្ក្រេ (Porto Alegre) របស់រដ្ឋ រីអូ ក្រានដេ របស់ប្រេស៊ីលមួយនេះ៕