ក្រុមអាជ្ញាធរ បាននិយាយកាលពីថ្ងៃអាទិត្យទី១២ឧសភាថា ទឹកជំនន់ដ៏គំហុកដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងឥតឈប់ បានបំផ្លិចបំផ្លាញភូមិឋាននានានៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ដោយបានសម្លាប់មនុស្សចំនួន ៣១៥ នាក់ និងរបួសជាង១.៦០០នាក់ ស្របពេលអ្នកភូមិបានបញ្ចុះសាកសពសាច់ញ្ញាតិរបស់ពួកគេ ហើយក្រុមភ្នាក់ងារផ្តល់ជំនួយបានព្រមានពីគ្រោះមហន្តរាយកាន់តែខ្លាំងឡើង។
ក្រសួងជនភៀសខ្លួនដែលគ្រប់គ្រងដោយក្រុមតាលីបង់បាននិយាយថា ផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវបានខូចខាត និងសត្វពាហនៈត្រូវបានបាត់បង់ ខណៈក្រុមផ្ដល់ជំនួយបានព្រមានពីការប៉ះពាល់ដល់ មណ្ឌលថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាការផ្គត់ផ្គង់ទឹកជាដើម ព្រោះផ្លូវនានា ត្រូវបានគ្របដណ្ដប់ដោយល្បាប់។
នៅក្នុងស្រុក ណារិន (Nahrin) នៃខេត្តបាឡាន (Baghlan) ប្រជាជនបានសែងសាកសពមនុស្សជាទីស្រឡាញ់របស់ពួកគេទៅកាន់ទីបញ្ចុះសព។
លោក មហាម៉ាដ យ៉ាកូប (Muhammad Yahqoob) ដែលបានបាត់បង់សមាជិកគ្រួសារដល់ទៅ១៣ នាក់ រួមទាំងកូនៗក្នុងចំណោមអ្នកស្លាប់ទាំងនោះផង បាននិយាយថា យើងគ្មានអាហារ គ្មានទឹកហូប គ្មានទីជម្រក គ្មានភួយ គ្មានអ្វីទាំងអស់ ទឹកជំនន់បានបំផ្លាញអ្វីៗគ្រប់យ៉ាង។
នៅក្នុងចំណោមលំនៅឋានចំនួន ៤២ខ្នង មានតែ២ឬ៣ខ្នង ប៉ុណ្ណោះដែលនៅសល់ ។ទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះ បានបំផ្លិចបំផ្លាញភូមិឋាននៅតាមតំបន់ជ្រលងភ្នំទាំងមូល។
ក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីសេដ្ឋកិច្ចក្រុមតាលីបង់ លោក ឌីន មហាម៉ាដ ហានីហ្វ (Din Mohammad Hanif) បានជំរុញឱ្យអង្គការសហប្រជាជាតិ ទីភ្នាក់ងារមនុស្សធម៌ និងធុរកិច្ចឯកជននានា ជួយដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទាំងនេះ៕


