រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃអាទិត្យបានការពារការសម្រេចចិត្តផ្អាកការដឹកជញ្ជូនគ្រាប់បែកចំនួន៣.៥០០ គ្រាប់ ទៅអ៊ីស្រាអែល ជុំវិញការព្រួយបារម្ភថា អ៊ីស្រាអែល នឹងប្រើគ្រាប់បែកទាំងនោះនៅក្នុងទីក្រុងរ៉ាហ្វា របស់ដែនដីហ្កាហ្សា ដោយនិយាយថាអ៊ីស្រាអែលខ្វះ ផែនការដ៏គួរឱ្យទុកចិត្ត ក្នុងការការពារជីវិតជនស៊ីវិលប្រហែល ១លាន៤សែននាក់ ដែលកំពុងជ្រកកោននៅទីនោះ។

ថ្លែងទៅកាន់កម្មវិធីព័ត៌មាន This Week របស់ទូរទស្សន៍ ABC News លោក Blinken បាននិយាយថាលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នៅតែប្តេជ្ញាចិត្តជួយអ៊ីស្រាអែលការពារខ្លួន ហើយថាការដឹកជញ្ជូនគ្រាប់បែកទាំងនោះ គឺជាកញ្ចប់អាវុធតែមួយគត់របស់សហរដ្ឋអាមេរិកដែលត្រូវបានផ្អាក។
លោកបាននិយាយថា នោះអាចនឹងផ្លាស់ប្តូរ ប្រសិនបើអ៊ីស្រាអែលបើកការវាយប្រហារពេញទំហឹងលើក្រុងរ៉ាហ្វា។

អ្នកការទូតជាន់ខ្ពស់អាមេរិក វ័យ៦២ឆ្នាំរូបនេះ លោកBiden បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ប្រទេសអ៊ីស្រាអែលថា ប្រសិនបើប្រទេសនេះ បើកប្រតិបត្តិការយោធាដ៏ធំចូលក្រុងរ៉ាហ្វាមែននោះ មានប្រព័ន្ធជាក់លាក់មួយចំនួនដែលយើងនឹងមិនគាំទ្រ និងផ្គត់ផ្គង់គ្រឿងសព្វាវុធឲ្យទេ។
លោកបានថ្លែងថា យើងមានការព្រួយបារម្ភយ៉ាងពិតប្រាកដអំពីរបៀបដែលពួកគេត្រូវបានប្រើ។ អ៊ីស្រាអែលចាំបាច់ត្រូវ មានផែនការច្បាស់លាស់ និងគួរឱ្យទុកចិត្តដើម្បីការពារជនស៊ីវិល ដែលយើងមើលមិនឃើញ៕
