ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានជំនួសតំណែងរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន គឺលោក សើហ្គេ សយហ្គូ (Sergei Shoigu) ជាមួយនឹងជនស៊ីវិលមួយរូប ឈ្មោះលោក អាន់ឌ្រី បេលូសូវ (Andrey Belousov) ដោយលើកឡើងពីការកើនឡើងនៃការចំណាយយោធារបស់ប្រទេស និងតម្រូវការសម្រាប់ «ការផ្លាស់ប្ថូរថ្មីបែបច្នៃប្រឌិត»។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយកាលពីយប់ថ្ងៃអាទិត្យ (១២ ឧសភា) ថា លោក សយហ្គូ ត្រូវបាន «បន្ធូរបន្ថយ» ពីតំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយក្រឹត្យប្រធានាធិបតី ហើយត្រូវបានតែងតាំងជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី។ លោក សយហ្គូ ក៏នឹងក្លាយជាអនុប្រធាននៅក្នុងគណៈកម្មាការយោធា-ឧស្សាហកម្មរុស្ស៊ីរបស់លោក ពូទីន ផងដែរ ខណៈ លោក នីកូឡៃ ផាទ្រូស្ហេវ (Nikolai Patrushev) ដែលជាលេខាធិការពីមុននៃក្រុមប្រឹក្សាសន្តិសុខនេះ នឹង «ផ្ទេរទៅកាន់ការងារមួយផ្សេងទៀត»។
លោក បេលូសូវ ដែលពីមុនធ្លាប់ធ្វើជាឧបនាយករដ្ឋមន្ត្រីទីមួយ គឺជាជនស៊ីវិល។ លោក ផេស្កូវ បាននិយាយថា លោក បេលូសូវ ត្រូវបានជ្រើសរើសដោយលោក ពូទីន ព្រោះតែតម្រូវការសម្រាប់ «ការផ្លាស់ប្ដូរបែបច្នៃប្រឌិត» ក្នុងអំឡុងពេលដែលលោកបានគូសបញ្ជាក់អំពីកំណើនថវិការបស់ក្រសួងការពារជាតិ និយាយថាវាកាន់តែខិតជិតដល់កម្រិតដែលបានឃើញចុងក្រោយក្នុងអំឡុងពេលសង្រ្គាមត្រជាក់។
ការជំនួសតំណែងនេះ កើតឡើងបន្ទាប់ពីការចាប់ខ្លួនកាលពីខែមុននៃសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក សយហ្គូ គឺអនុរដ្ឋមន្ត្រីការពារជាតិ លោក ធីមួរ អ៊ីណានៅ (Timur Ivanov) ដែលត្រូវបានចោទប្រកាន់ពីបទទទួលសំណូក នៅក្នុងរឿងអាស្រូវពុករលួយដោយបុគ្គលជាន់ខ្ពស់បំផុតរបស់ប្រទេស។ លោក សយហ្គូ ក៏ត្រូវបានរិះគន់យ៉ាងខ្លាំងផងដែរចំពោះការដោះស្រាយលើសង្គ្រាមអ៊ុយក្រែន ពីអតីតប្រធានក្រុមទាហានស៊ីឈ្នួល វេកនើ (Wagner) លោក យ៉េវហ្គេនី ព្រីកូស៊ីន (Yevgeny Prigozhin) ក្នុងប៉ុន្មានខែមុនពេលលោកស្លាប់កាលពីឆ្នាំមុន៕


