ក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា អ៊ីស្រាអែលបានបញ្ជូនរថក្រោះចូលទៅភាគខាងកើតជំរំភៀសខ្លួន ចាបាលីយ៉ា (Jabalia) ដែលនៅភាគខាងជើងតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) កាលពីថ្ងៃអាទិត្យ (១២ ឧសភា) បន្ទាប់ពីការទម្លាក់គ្រាប់បែកពីលើអាកាស និងប្រតិបត្តិការជើងគោក ដោយបានធ្វើឱ្យមនុស្សជាច្រើនសា្លប់ និងរបួស។
កាលពីល្ងាចថ្ងៃសៅរ៍ យោធាអ៊ីស្រាអែលនិយាយថា កងកម្លាំងដែលកំពុងប្រតិបត្តិការនៅជំរំ ចាបាលីយ៉ា កំពុងរារាំងក្រុមហាម៉ាស មិនឱ្យការបង្កើតសមត្ថភាពយោធារបស់ខ្លួនឡើងវិញនៅទីនោះ។ ក្រុមអ្នកស្រុក និយាយថា កងកម្លាំងអ៊ីស្រាអែលបានចូលជ្រៅទៅក្នុងជំរំ ចាបាលីយ៉ា ហើយមានការប្រយុទ្ធគ្នាដោយកាំភ្លើងដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេលជាច្រើនខែនៅទីនោះ។
កងទ័ពអ៊ីស្រាអែល បានបញ្ជូនរថក្រោះចូលទៅក្នុងជំរំ ហ្ស៊ីទួន (Zeitoun) ក៏ដូចជាជំរំ អាល់សាប្រា (Al-Sabra) ជាទីដែលអ្នកស្រុកបានរាយការណ៍ពីការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងដែលបានបំផ្លាញលំនៅឋានជាច្រើនរួមទាំងអគារលំនៅដ្ឋានខ្ពស់ៗផងដែរ។
ជំរំ ចាបាលីយ៉ា គឺជាជំរំជនភៀសខ្លួនប្រវត្តិសាស្ត្រដ៏ធំបំផុតទាំងប្រាំបីរបស់ហ្កាហ្សា ហើយជាជម្រកសម្រាប់មនុស្សជាង ១០០.០០០ នាក់ ដែលភាគច្រើនជាកូនចៅប៉ាឡេស្ទីន ដែលត្រូវបានបណ្តេញចេញពីទីក្រុង និងភូមិនានាក្នុងប្រទេសអ៊ីស្រាអែល នាពេលបច្ចុប្បន្ន ក្នុងសង្គ្រាមអារ៉ាប់-អ៊ីស្រាអែល ឆ្នាំ១៩៤៨ ដែលនាំទៅដល់ការបង្កើតរដ្ឋអ៊ីស្រាអែល៕


