នាយករដ្ឋមន្ត្រីរបស់ប្រទេសហ្ស៊កហ្ស៊ី លោក អ៊ីរ៉ាក់លី កូបាកហ៊ីដស៍ (Irakli Kobakhidze) បានប្តេជ្ញាកាលពីថ្ងៃអាទិត្យ (១២ ឧសភា) ថានឹងជំរុញសំណើច្បាប់ស្តីពី «ភ្នាក់ងារបរទេស» ដែលបានបង្កឱ្យមានវិបត្តិនយោបាយ បន្ទាប់ពីអ្នកប្រឆាំងប្រហែល ៥០.០០០ នាក់នៃច្បាប់នេះ បាននាំគ្នាតវ៉ាដោយសន្តិវិធីក្រោមភ្លៀងធ្លាក់ខ្លាំងឆ្លងកាត់រដ្ឋធានីហ្ស៊កហ្ស៊ី នៅក្នុងការតវ៉ាដ៏ធំបំផុតមួយដែលត្រូវបានគេឃើញចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យពីសហភាពសូវៀត ក្នុងឆ្នាំ១៩៩១ មក។

លោក កូបាកហ៊ីដស៍ បានប្រាប់សារព័ត៌មានខ្លីមួយថា គណបក្សកាន់អំណាច ក្ដីស្រមៃហ្ស៊កហ្ស៊ី (Georgian Dream) នឹងធានាបានការអនុម័តច្បាប់នេះនៅក្នុងការប្រជុំលើកទីបីនៅសប្តាហ៍នេះ ហើយបានគំរាមអ្នកតវ៉ាជាមួយនឹងការកាត់ទោស ប្រសិនបើពួកគេប្រើអំពើហិង្សា។
គណបក្សប្រឆាំងរបស់ហ្ស៊កហ្ស៊ី បានអំពាវនាវឱ្យអ្នកប្រឆាំងច្បាប់នេះធ្វើបាតុកម្មនៅខាងក្រៅសភា ដើម្បីរារាំងសមាជិកសភាមិនឱ្យចូលទៅក្នុងអគារនៅថ្ងៃច័ន្ទ (១៣ ឧសភា) នេះ នៅពេលដែលពួកគេនឹងត្រូវចាប់ផ្តើមពិភាក្សាលើកទីបី។

សេក្ដីស្នើច្បាប់នេះតម្រូវឱ្យអង្គការដែលទទួលបានច្រើនជាង ២០ ភាគរយនៃមូលនិធិរបស់ពួកគេពីបរទេស ចុះឈ្មោះជាភ្នាក់ងារដែលឥទ្ធិពលបរទេស បើមិនដូច្នេះទេនឹងប្រឈមការពិន័យជាប្រាក់។ បណ្តាប្រទេសលោកខាងលិច និងក្រុមប្រឆាំងរបស់ហ្ស៊កហ្ស៊ី បានរិះគន់វាថាជាអំណាចផ្តាច់ការ និងបំផុសគំនិតដោយរុស្ស៊ី។ អ្នករិះគន់បានប្រដូចសំណើនេះទៅនឹងច្បាប់ «ភ្នាក់ងារបរទេស» ឆ្នាំ២០១២ របស់រុស្ស៊ី ដែលត្រូវបានប្រើដើម្បីកាត់បន្ថយអ្នករិះគន់វិមានក្រឹមឡាំងរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន៕
