មន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យ ១២ ឧសភា ថាមនុស្សយ៉ាងហោចណាស់ ៤១ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និង១៧នាក់ទៀតបាត់ខ្លួន បន្ទាប់ពីទឹកជំនន់គំហុក និងការហូរធ្លាក់កម្អែរត្រជាក់ចេញពីភ្នំភ្លើងមួយ បានវាយប្រហារភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។

ភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោងបានបណ្តាលឱ្យមានទឹកជំនន់នៅក្នុងស្រុកចំនួនពីរក្នុងខេត្តស៊ូម៉ាត្រាខាងលិចកាលពីល្ងាចថ្ងៃសៅរ៍ ហើយបានបញ្ចេញកម្ទេចផេះ និងថ្មធំៗ ធ្លាក់ចុះពីលើភ្នំម៉ារ៉ាពី (Marapi) ដែលជាភ្នំភ្លើងតែងផ្ទុះដ៏សកម្មបំផុតនៅលើកោះស៊ូម៉ាត្រានៃប្រជុំកោះនេះ។

អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយខេត្ត ស៊ូម៉ាត្រាខាងលិច លោក អ៊ីលហាំ វ៉ាហាប់ (Ilham Wahab) បានប្រាប់សារព័ត៌មាន AFP ថា រហូតមកដល់ពេលនេះទិន្នន័យរបស់យើងបង្ហាញថាមនុស្ស៣៧នាក់បានស្លាប់ នៅក្នុងស្រុកអាហ្កាំ (Agam) និងនៅស្រុក តាណាដាតា(Tanah Datar)។ យ៉ាងហោចណាស់មនុស្ស ១៨ នាក់ផ្សេងទៀត បានរងរបួស។ យើងកំពុងបន្តស្វែងរកមនុស្ស១៧ នាក់ផ្សេងទៀតដែលបាត់ខ្លួន។
យោងតាមទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ បាសាណាស់ (Basarnas) ស្រុក អាហ្កាំ និង ស្រុក តាណាដាតា ត្រូវបានវាយប្រហារដោយទឹកជំនន់ដ៏គំហុក និងលំហូរកម្អែរត្រជាក់ចុះពីភ្នំភ្លើង ម៉ោន ម៉ារ៉ាពី (Mount Marapi) នៅម៉ោងប្រហែល ១០និង៣០នាទី យប់ថ្ងៃសៅរ៍ ។
កម្អែលភ្នំភ្លើង ដែលត្រូវគេស្គាល់ផងដែរថាជា បំណាក់ល្បាប់ចុះពីភ្នំភ្លើង គឺជាវត្ថុធាតុភ្នំភ្លើង ដូចជាផេះ ខ្សាច់ និងគ្រួស ដែលហូរធ្លាក់ចុះពីតាមជម្រាលភ្នំភ្លើងដោយសារទឹកភ្លៀង៕