ហ្វីលីពីន បាននិយាយកាលពីថ្ងៃសៅរ៍ (១១ ឧសភា) ថាខ្លួនបានដាក់ពង្រាយនាវាទៅកាន់ដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង ជាទីដែលខ្លួនបានចោទប្រកាន់ចិន ថាបានសាងសង់ «កោះសិប្បនិមិ្មត» នៅក្នុងជម្លោះដែនសមុទ្រ ដែលកំពុងកើនឡើងកាន់តែខ្លាំង។

ការិយាល័យរបស់លោកប្រធានាធិបតី ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឆ្មាំល្បាតឆ្នេរហ្វីលីពីន បានបញ្ជូននាវាមួយគ្រឿង ដើម្បីត្រួតពិនិត្យសកម្មភាពខុសច្បាប់របស់ប្រទេសចិន ដែលកំពុងបង្កើត «កោះសិប្បនិម្មិត» ដោយបន្ថែមថានាវាពីរគ្រឿងទៀត ក៏កំពុងត្រូវបានបញ្ជូនទៅតំបន់ក្បែរនោះផងដែរ។

អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរហ្វីលីពីន លោក ជេយ តារៀលឡា (Jay Tarriela) បាននិយាយថា មាន «ការទាមទារឡើងវិញជាទ្រង់ទ្រាយតូច» នៃថ្មប៉ប្រះទឹក សាប៊ីណា ស្ហូល (Sabina Shoal) ដែលទីក្រុងម៉ានីល ហៅថា អេស្កូដា (Escoda) ហើយថាប្រទេសចិន គឺជា «អ្នកសម្ដែងដ៏លាក់ពុតបំផុត»។

ស្ថានទូតចិននៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការអះអាងរបស់ហ្វីលីពីន ដែលអាចធ្វើឱ្យមានភាពស៊ីជម្រៅកាន់តែខ្លាំងនៃជម្លោះទ្វេភាគីនេះទេ។ ទីក្រុងប៉េកាំង និងទីក្រុងម៉ានីល បានជាប់គាំងអស់រយៈពេលមួយឆ្នាំនៅក្នុងការប្រឈមមុខគ្នាយ៉ាងក្តៅគគុកជុំវិញការទាមទារប្រកួតប្រជែងរបស់ពួកគេនៅក្នុងសមុទ្រចិនខាងត្បូង ដែលទំហំពាណិជ្ជកម្មមានតម្លៃ ៣ សែនកោដិ៍ដុល្លារក្នុងមួយឆ្នាំៗឆ្លងកាត់៕