នគរបាលកាណាដា បាននិយាយកាលពីថ្ងៃសៅរ៍ (១១ ឧសភា) ថាជនល្មើសទីបួនត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទឃាតកម្មលើមេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក លោក ហាឌីប ស៊ីញនីចា (Hardeep Singh Nijjar) កាលពីឆ្នាំមុន នៅក្នុងករណីដែលធ្វើអោយទំនាក់ទំនងការទូតមានភាពតានតឹងជាមួយឥណ្ឌា។

នគរបាលកាណាដាកាលពីដើមខែនេះ បានចាប់ខ្លួន និងចោទប្រកាន់បុរសជនជាតិឥណ្ឌាបីនាក់រួចទៅហើយ នៅក្នុងទីក្រុង អ៊ែដម៉ុនតុន (Edmonton) ក្នុងខេត្តអាល់ប៊ឺតតា (Alberta) ហើយនិយាយថាពួកគេកំពុងស៊ើបអង្កេតថាតើបុរសទាំងនោះមានទំនាក់ទំនងនឹងរដ្ឋាភិបាលឥណ្ឌា ដែរឬទេ។

ក្រុមស៊ើបអង្កេតអំពើមនុស្សឃាតរួមគ្នា (IHIT) បានប្រកាសកាលពីថ្ងៃសៅរ៍ថា បុរសឈ្មោះ អាម៉ានឌីប ស៊ីញ (Amandeep Singh) វ័យ ២២ ឆ្នាំត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទី១ និងការសមគំនិតក្នុងអំពើឃាតកម្មនៅក្នុងការសម្លាប់លោក នីចា។ ក្រុមស៊ើបអង្កេត IHIT នេះបន្ថែមថា លោក ស៊ីញ ដែលជាជនជាតិឥណ្ឌា ត្រូវបានឃុំខ្លួនរួចមកហើយសម្រាប់ការចោទប្រកាន់ផ្សេងទៀតពីបទកាន់កាប់អាវុធខុសច្បាប់។

លោក នីចា វ័យ ៤៥ ឆ្នាំត្រូវបានបាញ់សម្លាប់កាលពីខែមិថុនា នៅខាងក្រៅវិហារសាសនាស៊ីក ក្នុងតំបន់ សើរ៉េយ (Surrey) ជាយក្រុង វេនខូវើ (Vancouver) ដែលមានប្រជាជនកាន់សាសនាស៊ីកច្រើន។ ប៉ុន្មានខែក្រោយមក នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានលើកឡើងពីភស្តុតាងពីលទ្ធភាពនៃការពាក់ព័ន្ធរបស់រដ្ឋាភិបាលឥណ្ឌា ដែលជំរុញឱ្យមានវិបត្តិការទូតជាមួយទីក្រុង ញូវដេលី (New Delhi)៕