ភ្នំពេញ ៖ កុមារ និងយុវវ័យ រស់នៅក្នុងមូលដ្ឋាន ខណ្ឌជ្រោយចង្វារ មានចំនួនសរុបជាង៦០០០នាក់ បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ដើម្បីការពារទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ។
បើតាមលោក វុធ សូវៀត ប្រធានរដ្ឋបាល និងបុគ្គលិកការិយាល័យខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ខណ្ឌជ្រោយចង្វារ មិនខុសពីបណ្តាខណ្ឌទាំង១៣ ផ្សេងទៀតនោះទេ គឺក្នុងរាជធានីភ្នំពេញចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម១៨ឆ្នាំ ដែលយុទ្ធនាការនេះ បានចាប់ផ្តើមកាលពីថ្ងៃទី១ខែ សីហា ឆ្នាំ២០២១ មានចំនួន២ ទីតាំងក្នុងមូលដ្ឋានខណ្ឌ។ ទី១.ទីតាំងផ្សាររុងរឿង OCIC ដំណើរការចាក់ជូនកុមារ និងយុវវ័យ កំពុងរស់នៅក្នុងសង្កាត់ចំនួន៤ គឺសង្កាត់ព្រែកលៀប សង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកតាសេក និងសង្កាត់បាក់ខែង ។ទី២. ទីតាំងមណ្ឌលសុខភាពកោះដាច់ ដំណើរការចាក់ជូនកុមារ និងយុវវ័យ ដែលពិបាកក្នុងការឆ្លងដ ទាំងទៅ ទាំងមក ដោយធ្វើការរក្សាគម្លាតសង្គម និងគម្លាតបុគ្គល ដោយមិនចង់ប្រមូលផ្តុំគ្នានៅទីតាំងតែមួយ ទើបសាលារាជធានីភ្នំពេញ បង្កើតទីតាំងមណ្ឌលសុខភាពកោះដាច់បន្ថែមទៀត សម្រាប់ចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ។
ជាមួយគ្នានោះដែរ កុមារ យុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីក្រុមការងារគ្រូពេទ្យស្រុកប្រតិបតិ្តមេគង្គ បានបង្ហាញចំណាប់អារម្មណ៍ស្រដៀងគ្នាថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នេះ ពិតជាល្អមែនទែនសម្រាប់កុមារ និងយុវវ័យ ព្រោះបានចូលរួមការពារសុខភាព អាយុជីវិតរបស់ពួកគាត់ និងសូមគោរពដឹងគុណ និងថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកចាក់ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់អាយុក្រោម១៨ឆ្នាំ។ឆ្លៀតក្នុងឱកាសនោះ លោក វុធ សូវៀត បានអំពាវនាវដល់លោកពុក អ្នកម្តាយ ជាមាតា បិតា អាណាព្យាបាលកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម១៨ឆ្នាំ ត្រូវអញ្ជើញពួកគាត់ មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមការស្ម័គ្រចិត្តឲ្យបានគ្រប់ៗគ្នា ទោះបីជាប្រជាពលរដ្ឋមានជីវភាពមាន ឬក្រ ស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ នឹងចាក់វ៉ាក់សាំងកូវីដ១៩ ជូនឲ្យបានគ្រប់ៗគ្នា និងសូមបងប្អូនប្រជាពលរដ្ឋ ត្រូវរក្សាសុខភាព អនាម័យឲ្យបានខ្ជាប់ខ្ជួន បើទោះបីជាបានចាក់វ៉ាក់សាំងរួចហើយកី្ត មិនមែនមានន័យថា បងប្អូនប្រជាពលរដ្ឋមិនឆ្លងនោះទេ។
ដូច្នេះសូមយកចិត្តទុកដាក់ខ្ពស់ អនុវត្តន៍តាមវិធានការដែលរាជរដ្ឋាភិបាលបានអំពាវនាវម្តងហើយ ម្តងទៀត នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ គឺ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត៕
អត្ថបទ រដ្ឋា





