ចំហេះព្រៃដ៏ធំដំបូងគេ ក្នុងរដូវកាលនេះ បានរាលដាលដល់ផ្ទៃដីទំហំប្រហែល ១០.០០០ហិកតា នៅទូទាំងភាគខាងលិចប្រទេសកាណាដា កាលពីថ្ងៃអាទិត្យ (ទី១២ ខែឧសភា) ខណៈដែលអាជ្ញាធរបានចេញបញ្ជាជម្លៀស សម្រាប់សហគមន៍មួយ ក្នុងខេត្ត British Columbia និងបានព្រមានពីការមានគុណភាពខ្យល់មិនល្អនៅទូទាំងខេត្តនេះ។

នៅខេត្ត British Columbia អ្នកស្រុករាប់ពាន់នាក់នៅក្នុងតំបន់ទីក្រុង Northern Rockies និងតំបន់ Fort Nelson First Nations ត្រូវបានជម្លៀសចេញ ខណៈដែលអណ្ដាតភ្លើងនៅក្បែរនោះ បានឆាបឆេះកើនឡើងជិតទ្វេដងដល់ ៤.១៣៦ហិកតា។
តំបន់ Fort Nelson First Nation ដែលមានចម្ងាយ ៧គីឡូម៉ែត្រពីទីក្រុង ក៏ត្រូវបានបញ្ជាឲ្យជម្លៀសចេញផងដែរ សម្រាប់សហគមន៍ Fontas ដែលជាសហគមន៍ជនជាតិដើមភាគតិច។ អភិបាលក្រុង Northern Rockies លោក Rob Fraser នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ បាននិយាយថា ភាគច្រើននៃអ្នកស្រុកចំនួន ៣.៥០០នាក់ ទាំងនៅក្នុង និងជុំវិញតំបន់ Fort Nelson ត្រូវបានជម្លៀសចេញ។

ចំណែកខេត្ត Alberta បានឲ្យដឹងថា ចំហេះព្រៃចំនួន២ មានសភាពខ្លាំងក្លា និងមិនអាចគ្រប់គ្រងបាន ហើយបានកត់ត្រាពីការចំហេះសកម្មចំនួន ៤៣កន្លែង ដែលក្នុងនោះមានមួយកន្លែងស្ថិតនៅចម្ងាយ ១៦គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Fort McMurray។ អណ្ដាតភ្លើងនោះបានរាលដាលយ៉ាងខ្លាំង កាលពីចុងសប្តាហ៍ដល់ផ្ទៃដី ៥.៥០០ហិកតា ដែលមានទំហំធំជាងអ្វីដែលបានរាយការណ៍កាលពីថ្ងៃសុក្រ(ទី១០ ខែឧសភា)។
កាលពីថ្ងៃអាទិត្យ (ទី១២ ខែឧសភា) អាជ្ញាធរបានប្រាប់ថា អណ្ដាតភ្លើងបានថមថយ តែគេរំពឹងថា នឹងរាលដាលខ្លាំងក្លាឡើងវិញ ដោយសារអាកាសធាតុឡើងខ្ពស់។ ស្ថាប័នបរិស្ថានកាណាដាបានចេញសេចក្តីថ្លែងការណ៍ពិសេសអំពីគុណភាពខ្យល់ដែលលាតសន្ធឹងពីខេត្ត British Columbia ដល់ខេត្ត Ontario កាលពីថ្ងៃអាទិត្យ។
គួរបញ្ជាក់ថា រដ្ឋាភិបាលសហព័ន្ធបានព្រមានថា កាណាដាត្រូវប្រឈមនឹងរដូវកាលចំហេះព្រៃ «ដ៏មហន្តរាយ» មួយផ្សេងទៀត ខណៈដែលខ្លួនព្យាករថា សីតុណ្ហភាពនិទាឃរដូវ និងរដូវក្តៅខ្ពស់ជាងធម្មតា នៅទូទាំងប្រទេស ដែលត្រូវបានជំរុញដោយលក្ខខណ្ឌអាកាសធាតុនៃបាតុភូត El Nino៕