ប្រទេសអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ (ទី១៣ ខែឧសភា) បាននិយាយថា ខ្លួននឹងធ្វើអន្តរាគមន៍ក្នុងការគាំទ្រក្នុងសំណុំរឿងរបស់អាហ្វ្រិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយលើកឡើងពីទំហំប្រតិបត្តិការរបស់អ៊ីស្រាអែលដែលកំពុងកើនឡើង នៅក្នុងតំបន់ហ្កាហ្សា និងផលប៉ះពាល់របស់ពីប្រតិបត្តិការរបស់ពួកគេទៅលើជនស៊ីវិល។

ការសម្រេចនេះបង្ហាញឲ្យឃើញពីភាពតានតឹងដែលកំពុងកើនឡើង រវាងប្រទេសជិតខាងទាំង២ ខណៈប្រតិបត្តិការរបស់អ៊ីស្រាអែលនៅទីក្រុងព្រំដែន Rafah សាកល្បងកិច្ចព្រមព្រៀងរយៈពេលវែង និងកិច្ចសហប្រតិបត្តិការសន្តិសុខ។
ក្រសួងការបរទេសអេហ្ស៊ីបបានប្រាប់ថា «ការប្រកាសអំពីអន្តរាគមន៍ ក្នុងសំណុំរឿងនេះ កើតឡើងដោយសារពិចារណាដល់ការពង្រីកវិសាលភាព និងទំហំនៃការរំលោភបំពានរបស់អ៊ីស្រាអែល ប្រឆាំងនឹងជនស៊ីវិលនៅតំបន់ហ្កាហ្សា» ដោយក្រសួងមិនបានបញ្ជាក់ច្បាស់ថា តើអន្តរាគមន៍នេះ នឹងរួមបញ្ចូលអ្វីខ្លះ។ កន្លងមក ប្រទេសអេហ្ស៊ីបបានបង្ហាញទឡ្ហីករណ៍ក្នុងសំណុំរឿងនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ (ទី១០ ខែឧសភា) ប្រទេសអាហ្រ្វិកខាងត្បូងបានស្នើសុំតុលាការឲ្យបញ្ជាអ៊ីស្រាអែលដកចេញពីទីក្រុង Rafah ដែលជាផ្នែកនៃវិធានការសង្គ្រោះបន្ទាន់បន្ថែមនៅក្នុងសំណុំរឿងដែលកំពុងបន្តមាន ពោលគឺជាបទចោទប្រកាន់អ៊ីស្រាអែលពីអំពើប្រល័យពូជសាសន៍។

ប្រភពពីសន្តិសុខអេហ្ស៊ីប បានប្រាប់សារព័ត៌មាន Reuters ថា មន្ត្រីអេហ្ស៊ីបបានបញ្ជូនបន្តទៅកាន់អ៊ីស្រាអែលថា ពួកគេបានស្តីបន្ទោសសកម្មភាពរបស់ប្រទេសនេះថា បានធ្វើឲ្យទំនាក់ទំនងទ្វេភាគីតានតឹង និងរាំងស្ទះដល់គណៈប្រតិភូមកពីក្រុមហាម៉ាស អ៊ីស្រាអែល សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ដែលបានធ្វើកិច្ចចរចាបទឈប់បាញ់ នៅទីក្រុងគែរ។ នៅពេលសួរអំពីសន្ធិសញ្ញាឆ្នាំ១៩៧៩ រវាងប្រទេសទាំង២ ទាក់ទងនឹងប្រតិបត្តិការនៅទីក្រុង Rafah រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry កាលពីថ្ងៃអាទិត្យ បានប្រាប់ថា សន្ធិសញ្ញានេះ គឺចាំបាច់ដើម្បីធានាសន្តិសុខ ហើយថា វាមានយន្តការដើម្បីដោះស្រាយការរំលោភណាមួយដោយមិនចាំបាច់ចូលទៅក្នុងសេចក្ដីកម្អិត៕