តុលាការអូស្ត្រាលី នៅថ្ងៃចន្ទ (ទី១៣ ខែឧសភា) បានច្រានចោលការស្នើរបស់និយតករសុវត្ថិភាពអ៊ីនធឺណិតរបស់ប្រទេស ដែលសុំឲ្យបន្តបទបញ្ជាបណ្តោះអាសន្ន ដើម្បីឲ្យបណ្ដាញសង្គម X របស់លោក Elon Musk ទប់ស្កាត់ការការបង្ហោះវីដេអូនៃការវាយប្រហារដោយចាក់នឹងកាំបិតលើសង្ឃជាន់ខ្ពស់ នៅវិហារកាតូលិក Assyrian ដែលអាជ្ញាធរបានហៅថា ការវាយប្រហារភេរវកម្ម។

ចៅក្រមតុលាការសហព័ន្ធលោក Geoffrey Kennett បាននិយាយថា ពាក្យសុំពន្យារដីកាដែលបានផ្តល់កាលពីខែមេសាត្រូវបានបដិសេធ។ ចៅក្រមបានថ្លែងក្នុងពេលសវនាការខ្លីមួយថា មូលហេតុនៃសាលក្រមនេះ នឹងត្រូវបញ្ចេញនៅពេលក្រោយ។
ករណីនេះត្រូវបានចុះបញ្ជី សម្រាប់សវនាការ នៅថ្ងៃពុធ។ ជម្លោះផ្លូវច្បាប់បានបង្កឲ្យមានការតបតគ្នាយ៉ាងក្តៅគគុក រវាងលោក Musk និងបណ្ដាមន្ត្រីជាន់ខ្ពស់អូស្ត្រាលី ក្នុងនោះរួមទាំងនាយករដ្ឋមន្ត្រី Anthony Albanese ដែលបានហៅលោក Musk ថា ជា «មហាសេដ្ឋីក្រអឺតក្រទម» ដែលបានជំទាស់នឹងគោលបំណងរបស់លោកឲ្យលុបវីដេអូទាំងនេះ។ លោក Musk បានបង្ហោះរូបភាពរិះគន់ដល់បទបញ្ជាឲ្យអនុវត្តនេះ ដោយពណ៌នាថា វាជាការត្រួតត្រា។ វេទិកាផ្សេងទៀត ដូចជាវេទិការបស់ក្រុមហ៊ុន Meta ជាដើម បានលុបមាតិកានេះយ៉ាងឆាប់រហ័ស នៅពេលត្រូវបានស្នើសុំ។

គួរបញ្ជាក់ថា តុលាការសហព័ន្ធ ដែលជាតុលាការកំពូលទី២ របស់ប្រទេសអូស្ត្រាលី ក្នុងខែមេសា បានតម្កល់ដីការបស់ស្នងការ eSafety (សុវត្ថិភាពអ៊ីនធឺណិត) ដែលស្នើឲ្យបណ្ដាញសង្គម X (ពីមុនជា Twitter) លុបចោលការបង្ហោះចំនួន ៦៥វីដេអូ ដែលមានរូបភាពសង្ឃជាន់ខ្ពស់នៃសាសនាគ្រិស្ត ត្រូវបានគេចាក់ អំឡុងពេលផ្ដល់ឱវាទ នៅទីក្រុងស៊ីដនី កាលពីថ្ងៃទី១៥ ខែមេសា ដោយលើកឡើងថា វាបានបង្ហាញពីអំពើហិង្សាច្បាស់៕