នគរបាលបាននិយាយកាលពីថ្ងៃអាទិត្យ (១២ ឧសភា) ថា យ៉ាងហោចណាស់មនុស្ស ១១ នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅពេលដែលរថយន្តក្រុងដឹកសិស្សវិទ្យាល័យក្នុងការធ្វើដំណើរកម្សាន្តបញ្ចប់ការសិក្សា បានជួបគ្រោះថ្នាក់នៅលើកោះដ៏ធំបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី។

រថយន្តក្រុងនេះបានដឹកសិស្ស និងគ្រូបង្រៀនជាង ៦០ នាក់ពីទីក្រុង ដេប៉ុក (Depok) ទៅកាន់ទីក្រុង លឹមបាង (Lembang) នៃកោះ ជ្វា (Java) ដែលជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយ នៅពេលដែលវាបានជួបគ្រោះថ្នាក់នៅម៉ោង ៦:៤៨ ល្ងាចកាលពីថ្ងៃសៅរ៍។

អ្នកនាំពាក្យនគរបាលខេត្ត ជ្វា ខាងលិច បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យថា សិស្សានុសិស្សទាំងនោះទើបតែបានប្រារព្ធពិធីបញ្ចប់ការសិក្សារបស់ពួកគេ ហើយកំពុងធ្វើដំណើរត្រឡប់ទៅសាលារៀនវិញ នៅពេលដែលរថយន្តក្រុងនោះបាត់បង់ការគ្រប់គ្រង និងរ៉េចង្កូតទៅបុករថយន្ត និងម៉ូតូបីគ្រឿងនៅក្បែរនោះ។

ប្រមុខនគរបាលចរាចរណ៍ក្នុងតំបន់ លោក អ៊ុនដាង ស្យ៉ារីហ្វ ហ៊ីដាយ៉ាត (Undang Syarif Hidayat) បានប្រាប់ទូរទស្សន៍ ខមផាស (Kompas) ថាលោកសង្ស័យថាហ្វ្រាំងរបស់រថយន្តក្រុងបានដំណើរការខុសប្រក្រតីមុនពេលគ្រោះថ្នាក់ ប៉ុន្តែនគរបាលនៅតែកំពុងស៊ើបអង្កេតមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ៕