សិស្សានុសិស្ស ដែលអង្គុយរៀននៅលើដីខ្សាច់ក្នុងតង់ក្បែរក្រុង ខាន់យូនីស (Khan Younis) ក្នុងតំបន់សង្រ្គាមហ្កាហ្សា ខិតខំរិះរកគ្រប់មធ្យោបាយដើម្បីបានរៀនសូត្រ ខណៈសង្រ្គាមដ៏ជូរចត់បំផ្លាញឱកាសទទួលបានចំណេះដឹងសម្រាប់កុមារហ្កាហ្សា។

បន្ទាប់ពីមើលឃើញសាលារៀន និងសាកលវិទ្យាល័យរបស់ពួកគេត្រូវបានបិទទ្វារ ខូចខាត ឬត្រូវបំផ្លាញនៅក្នុងសង្គ្រាមជាងប្រាំពីរខែ ពលរដ្ឋហ្កាហ្សា ដែលជ្រកកោនទាំងក្នុង និងក្រៅទឹកដីហ៊ុមព័ទ្ធនេះ កំពុងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដូចជាថ្នាក់រៀនក្នុងតង់ ថ្នាក់អនឡាញ និងការបង្រៀនខ្លួនឯង ដើម្បីចាប់ផ្តើមការសិក្សាឡើងវិញ។

គ្រូបង្រៀនស្ម័គ្រចិត្តម្នាក់នៅសាលាតង់ក្បែរឆ្នេរសមុទ្រក្នុងទីក្រុងអាល់ (al-Mawasi) ដែលបានបើកកាលពីចុងខែមេសា បាននិយាយថា ជំនួសឱ្យការអនុញ្ញាតឱ្យក្មេងៗបាត់បង់ការសិក្សាពេញមួយឆ្នាំ ខណៈដែលពួកគេអស់កម្លាំងពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល «យើងនឹងបង្រៀនពួកគេ ហើយជួយឱ្យពួកគេទទួលបានជំនួយផ្នែកអប់រំ»។

ពលរដ្ឋហ្កាហ្សា កំពុងភ័យខ្លាចថាជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ធ្វើឱ្យខូចខាតដល់ប្រព័ន្ធអប់រំរបស់ពួកគេ ដែលជាប្រភពនៃក្តីសង្ឃឹម និងមោទនភាពដ៏កម្រនៅក្នុងតំបន់ហ៊ុមព័ទ្ធ ដែលនឹងធ្វើឱ្យមានការប្រយុទ្ធគ្នាយូរអង្វែង។ តំបន់ហ្កាហ្សា និងតំបន់កាន់កាប់ វេសបែង (West Bank) មានកម្រិតអក្ខរកម្មខ្ពស់ជាអន្តរជាតិ ប៉ុន្តែការបិទផ្លូវរបស់អ៊ីស្រាអែលនៃតំបន់នេះ និងជម្លោះជាបន្តបន្ទាប់ បានធ្វើឱ្យការអប់រំមានភាពផុយស្រួយ និងមិនសូវមានធនធាន៕