រដ្ឋមន្ត្រីការបរទេសអង់គ្លេស បាននិយាយកាលពីថ្ងៃអាទិត្យថា ការបញ្ឈប់ការនាំចេញអាវុធទៅកាន់ប្រទេសអ៊ីស្រាអែល«មិនមែនជាផ្លូវដ៏ឈ្លាសវៃទេ» ហើយគ្រាន់តែជួយធ្វើឲ្យក្រុមហាម៉ាសកាន់តែរឹងមាំ។

នៅពេលសួរថាតើចក្រភពអង់គ្លេស នឹងធ្វើតាមសហរដ្ឋអាមេរិក ក្នុងការគំរាមកំហែងកាត់បន្ថយការផ្គត់ផ្គង់អាវុធវាយលុកដល់អ៊ីស្រាអែលដែរឬទេ ប្រសិនបើខ្លួនធ្វើការវាយប្រហារលើទីក្រុងរ៉ាហ្វា ( Rafah) ភាគខាងត្បូងនៃតំបន់ហ្កាហ្សានោះ រដ្ឋមន្ត្រីការបរទេសលោក ដេវីត កាមេរុន ( David Cameron) បាននិយាយថា ប្រទេសទាំងពីរ មិនអាចប្រៀបធៀបបានទេ ព្រោះមិនដូចសហរដ្ឋអាមេរិកទេ អង់គ្លេស ផ្គត់ផ្គង់គ្រឿងសព្វាវុធក្នុងចំនួនតិចតួចបំផុតដល់អ៊ីស្រាអែល។

លោក កាមេរុន បានប្រាប់សារព័ត៌មាន BBC កាលពីថ្ងៃអាទិត្យថា៖«ចក្រភពអង់គ្លេសផ្តល់តិចជាង ១ភាគរយនៃអាវុធរបស់អ៊ីស្រាអែល ហើយវាមិនមែនជាអ្នកផ្គត់ផ្គង់របស់រដ្ឋនោះទេ។ យើងមានប្រព័ន្ធផ្តល់អាជ្ញាប័ណ្ណ ហើយអាជ្ញាប័ណ្ណទាំងនោះ អាចត្រូវបានបិទ ប្រសិនបើវាត្រូវបានវិនិច្ឆ័យថា មានហានិភ័យធ្ងន់ធ្ងរនៃការរំលោភសិទ្ធិមនុស្សអន្តរជាតិធ្ងន់ធ្ងរនោះ»។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក នឹងបញ្ឈប់ការផ្គត់ផ្គង់អាវុធ និងកាំភ្លើងធំដល់ប្រទេសអ៊ីស្រាអែល ប្រសិនបើកងកម្លាំងរបស់ខ្លួន បើកការវាយលុកទាំងស្រុងលើទីក្រុងរ៉ាហ្វា ដែលជាទីតាំងរឹងមាំចុងក្រោយរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។
គណបក្សការងារប្រឆាំងរបស់អង់គ្លេស និងក្រុមសិទ្ធិមនុស្ស បានទទូចថា ចក្រភពអង់គ្លេស គួរតែធ្វើតាមជំហរស្រដៀងគ្នានេះ ហើយបញ្ឈប់ការលក់អាវុធ ឬសម្ភារៈផ្សេងៗដែលផលិតដោយអង់គ្លេស ក្នុងការវាយលុកទៅលើទីក្រុងរ៉ាហ្វា។
រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា ការប្រើប្រាស់អាវុធដែលផ្តល់ដោយសហរដ្ឋអាមេរិករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ទំនងជាបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ ប៉ុន្តែរដ្ឋាភិបាលនេះ បានបន្ថែមថា លក្ខខណ្ឌក្នុងសម័យសង្រ្គាម បានរារាំងមន្ត្រីអាមេរិកពីការកំណត់ចំពោះការវាយប្រហារតាមអាកាសជាក់លាក់។