ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បាននិយាយថា ការបញ្ឍប់ការវាយលុករបស់រុស្ស៊ី នៅជិតទីក្រុងខាគីវ ( Kharkiv) ភាគឦសាន គឺជា «កិច្ចការលេខ១» របស់កងទ័ព នៅពេលនេះ។
លោកបានថ្លែងនៅក្នុងសន្ទរកថាតាមវីដេអូប្រចាំថ្ងៃរបស់លោកដែលបានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃសៅរ៍ថា៖«ការសម្រេចបាននូវកិច្ចការនេះអាស្រ័យលើទាហានគ្រប់រូប ពលទាហានគ្រប់រូប និងមន្ត្រីទាំងអស់។

ក្រសួងការពារជាតិនៅទីក្រុងមូស្គូ បានប្រកាសកាលពីថ្ងៃសៅរ៍ថា ទាហានរុស្ស៊ី បានកាន់កាប់ភូមិព្រំដែនអ៊ុយក្រែនចំនួន ៥ ភាគខាងជើងនៃទីក្រុងខាគីវ ដោយបញ្ជាក់ពីរបាយការណ៍ភាគច្រើនមិនផ្លូវការរបស់អ៊ុយក្រែន។
ភូមិទាំងនោះ មានដូចជា Strilecha, Krasne, Pylne និង Borisivka ស្ថិតនៅចម្ងាយប្រហែល ៣០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងខាគីវ ក្បែរទីក្រុង Lyptsi និងភូមិ Ohirtseveនៅជិតទីក្រុងVovchansk។

កងទ័ពរុស្ស៊ី បានអះអាងថា ខ្លួនបានសម្លាប់ទាហានអ៊ុយក្រែនមួយចំនួនធំ និងបំផ្លាញឧបករណ៍របស់ពួកគេ នៅក្នុងការវាយលុកដែលបានចាប់ផ្តើមកាលពីយប់ថ្ងៃព្រហស្បតិ៍។ ទោះជាយ៉ាងណាក៏ដោយ ការអះអាងនេះ មិនត្រូវបានគបញ្ជាក់ដោយឯករាជ្យទេ។
នៅក្នុងសន្ទរកថារបស់ខ្លួន លោកហ្សេឡិនស្គី បាននិយាយអំពីប្រតិបត្តិការការពារនៅជិតភូមិ Strilecha, Krasne, Morokhovets, Oliinykove, Lukyantsi, Hatyshche និង Pletenivka។
លោកប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានបន្ថែមថា៖ «រយៈពេលពីរថ្ងៃហើយដែលកងទ័ពរបស់យើង បាននិងកំពុងធ្វើសកម្មភាពប្រឆាំងនៅទីនោះ ដោយការពារទឹកដីរបស់អ៊ុយក្រែន»។