ភ្នំពេញ ៖នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក នាព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាននៅបញ្ជាការដ្ឋានទ័ពពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ពិធីនេះមានការចូលរួមពីប្រតិភូអមដំណើរ នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានទ័ពពិសេសជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេសបានអានរបាយការណ៍ស្វាគមន៍ និងជីវប្រវត្ត ក្នុងរយៈ២៨ឆ្នាំកន្លងមកនេះក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន បានធ្វើឱ្យបញ្ជាការដ្ឋានទ័ពពិសេសមានការរីកចម្រើនលើគ្រប់វិស័យ និងបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ការពាររដ្ឋធម្មនុញ្ញ ព្រមទាំងបានចូលរួមនូវរាល់សកម្មភាពនានា ដូចជាសហការជាមួយអាជ្ញាធរមូលដ្ឋាន ចូលរួមរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ត្រៀមចូលរួមសង្គ្រោះគ្រប់គ្រោះមហន្តរាយនានាដែលកើតឡើងជាយថាហេតុ។
ថ្លែងក្នុងឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថា ថ្ងៃនេះឯកឧត្តមមានក្តីសោមនស្សសប្បាយរីករាយក្រៃលែងដោយបានមកសួរសុខទុក្ខ សំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពពិសេស ការជួបជុំគ្នាដ៏ច្រើនកុះករនាពេលនេះគឺស្របពេលនឹងការគម្រប់ខួបលើកទី៤៦ឆ្នាំ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ១២ ឧសភា ១៩៧៨ - ១២ ឧសភា ២០២៤។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានពាំនាំបណ្តាំសាកសួរសុខទុក្ខ នឹករលឹកពីសំណាក់ ឯកឧត្តម អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេសទាំងអស់។ តាមរយៈអស់លោកដែលវត្តមាននៅទីនេះ សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខចំពោះគ្រួសារ ដែលមានប្អូនស្រីជាភរិយា ក្មួយជាកូន ជាចៅ លោកឪពុក អ្នកម្តាយរបស់អស់លោកទាំងអស់ ជាមួយនិងការជូនពរសូមមាន សុខភាពល្អបរិបូរណ៍ ជន្មាយុវែង សម្បូរទ្រព្យ ចម្រើនបញ្ញា គ្រប់ក្រុមគ្រួសារមានសុភមង្គល ធ្វើដំណើរទៅឆ្ងាយជិត តាមមធ្យោបាយទឹក គោក អាកាស សូមប្រកបដោយសុវត្ថិភាព ។
ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្តថា៖ ព្រះរាជាណាចក្រកម្ពុជា មានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីពេញលេញបាន២៦ឆ្នាំ៧ខែ និង១៦ថ្ងៃហើយ។ បន្ទាប់ពីប្រទេសធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្រ្គាមនាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ និងរបបប្រល័យពូជសាសន៍អស់រយៈពេល ២៨ឆ្នាំ ៨ខែ និង ១១ ថ្ងៃ គិតត្រឹមថ្ងៃនេះ ពេលនេះតែបើក្រឡេកត្រឡប់ទៅអានប្រវត្តិសាស្ត្រកម្ពុជានោះនឹងឃើញថា នេះជាលើកដំបូងហើយដែលប្រទេស និងប្រជាជនកម្ពុជា ស្គាល់ពាក្យសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ក្នុងរយៈជាង ៥០០ឆ្នាំ។
ក្នុងឱកាសសំណេះសំណាលនោះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បាននាំមកជាមួយនូវភេសជ្ជៈចំនួន ៥០៤កេះ និងថវិកា ៦០លានរៀល និងបានជូនថវិកាដល់យោធិននារីចំនួន ១៣នាក់ ក្នុងម្នាក់ៗទទួលបាន ៥០ម៉ឺនរៀលផងដែរ៕ ដោយ ៖ ដារ៉ា














