
រដ្ឋាភិបាលអ៊ីរ៉ាក់ បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ាក់ បានស្នើសុំឲ្យបញ្ចប់ប្រតិបត្តិការបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់អ៊ីរ៉ាក់ (UNAMI) នៅចុងឆ្នាំ ២០២៥។
សេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់នាយករដ្ឋមន្ត្រី Mohammed Shia al-Sudani បានឲ្យដឹងថា ផ្អែកលើការរកឃើញដោយក្រុមត្រួតពិនិត្យយុទ្ធសាស្ត្រឯករាជ្យដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិ សំណើរបស់អ៊ីរ៉ាក់សម្រាប់ UNAMI បញ្ចប់ត្រឹមឆ្នាំ ២០២៥ គឺជាពេលវេលាគ្រប់គ្រាន់សម្រាប់ការបិទប្រកបដោយការទទួលខុសត្រូវ។
សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា រដ្ឋាភិបាលអ៊ីរ៉ាក់ រំពឹងថា នឹងមានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅចុងខែឧសភា ដើម្បីឆ្លើយតបទៅនឹងសំណើរបស់ប្រទេសអ៊ីរ៉ាក់ និងអនុសាសន៍របស់ក្រុមត្រួតពិនិត្យយុទ្ធសាស្ត្រឯករាជ្យ។
UNAMI គឺជាបេសកកម្មនយោបាយពិសេសមួយដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០០៣ ដោយសេចក្តីសម្រេចលេខ១៥០០របស់ក្រុមប្រឹក្សាសន្តិសុខUN តាមសំណើរបស់រដ្ឋាភិបាលអ៊ីរ៉ាក់។
អាណត្តិរបស់ខ្លួន គឺដើម្បីផ្តល់អាទិភាពដល់ការផ្តល់ការណែនាំ ការគាំទ្រ និងជំនួយដល់រដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ាក់ ក្នុងការជំរុញឲ្យមានកិច្ចពិភាក្សាផ្នែកនយោបាយ និងការផ្សះផ្សាជាតិ និងកម្រិតសហ គមន៍។
លើសពិនេះទៅទៀតនោះ UNAMI ក៏បានជួយក្នុងដំណើរការបោះឆ្នោត សម្របសម្រួលកិច្ចសន្ទនាក្នុងតំបន់រវាងអ៊ីរ៉ាក់ និងប្រទេសជិតខាងរបស់ខ្លួន និងលើកកម្ពស់ការការពារសិទ្ធិមនុស្ស និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងច្បាប់។