
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយលុករបស់អ៊ីស្រាអែលទាំងស្រុងលើទីក្រុងរ៉ាហ្វានៃតំបន់រ៉ាហ្វា នឹងបង្កឲ្យមាន«ភាពអនាធិបតេយ្យ» ដោយមិនអាលុបបំបាត់ក្រុមហាម៉ាសឡើយ ខណៈដែលទីក្រុងវ៉ាស៊ីនតោន បង្កើនយុទ្ធនាការដាក់សម្ពាធប្រឆាំងនឹងការវាយប្រហារបែបនេះ។
ដោយឡែក ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានសង្កត់ធ្ងន់លើការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនអំពីការវាយលុកមួយ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីស្រាអែល លោក Tzachi Hanegbi។
សេចក្តីថ្លែងការណ៍របស់សេតវិមានអំពីការសន្ទនានោះ បានឲ្យដឹងថា៖«លោក Sullivan បានរំលឹកឡើងវិញនូវការព្រួយបារម្ភជាយូរមករបស់លោកប្រធានាធិបតី បៃដិន អំពីសារៈសំខាន់សម្រាប់ប្រតិបត្តិការជើងគោកដ៏ធំមួយ ចូលទៅក្នុងទីក្រុងរ៉ាហ្វា ជាកន្លែងដែលមនុស្សជាងមួយលាននាក់ បានជ្រកកោន»។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងទៀតថា លោក Hanegbi «បានអះអាងថា អ៊ីស្រាអែលកំពុងពិចារណាអំពីកង្វល់របស់សហរដ្ឋអាមេរិក»ប៉ុន្តែមិនបានពន្យល់លម្អិតទេ។
ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងកើតនៃទីក្រុងរ៉ាហ្វា បានជំរុញឲ្យប្រជាជនហ្កាហ្សា ចំនួន ៣០០.០០០ នាក់ ភៀសខ្លួនរួចទៅហើយ។
សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ក៏ដូចជាមន្ត្រីសំខាន់ៗរបស់អង្គការសហប្រជាជាតិ បានព្រមានថា ការវាយប្រហារពេញទំហឹងលើទីក្រុងរ៉ាហ្វា អាចជះឥទ្ធិពលមហន្តរាយដល់ជនភៀសខ្លួន ដែលបានជំរុញឲ្យភៀសខ្លួនចេញពីទីនោះ ដោយការប្រយុទ្ធគ្នានៅកន្លែងផ្សេងទៀតក្នុងតំបន់ហ្កាហ្សា ពួកគេភាគច្រើន រស់នៅក្នុងស្ថានភាពអស់សង្ឃឹម។