
ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី នៅថ្ងៃចន្ទ (ទី១៣ ខែឧសភា) បានរាយការណ៍ថា មេធាវីការពារក្តីរបស់លោក Gordon Black ជាទាហានអាមេរិកដែលកំពុងត្រូវបានឃុំខ្លួន នៅទីក្រុង Vladivostok របស់ប្រទេសរុស្ស៊ីពីបទលួចទ្រព្យសម្បតិ្ត បានប្តឹងឧទ្ធរណ៍ចំពោះការឃុំខ្លួននេះ។
សារព័ត៌មាន RIA បានដកស្រង់សម្តីអ្នកនាំពាក្យតុលាការសហព័ន្ធ Pervomaisky ក្នុងទីក្រុង Vladivostok ថា៖«បណ្តឹងឧទ្ធរណ៍មួយ ត្រូវបានទទួលពីមេធាវីការពារក្តី»។
គួរបញ្ជាក់ថា ទាហានរូបនេះត្រូវបានឃុំខ្លួនកាលពីថ្ងៃទី៦ ខែឧសភា ដោយចោទប្រកាន់ពីបទប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយនឹងត្រូវឃុំខ្លួនរហូតដល់យ៉ាងហោចណាស់ថ្ងៃទី២ ខែកក្កដា។
ក្នុងនាមជាអតីតយុទ្ធជន ក្នុងសង្រ្គាម នៅអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថានម្នាក់ មន្ទីរបញ្ចកោណ បានប្រាប់ឲ្យដឹងថា លោក Black បានបំពានច្បាប់កងទ័ព ដោយធ្វើដំណើរទៅរុស្ស៊ីដោយពុំមានការអនុញ្ញាតកងទ័ព។
ទាំងអាជ្ញាធររុស្ស៊ី មន្ទីរបញ្ចកោណ ភរិយា និងម្តាយរបស់លោក Black មិនបានលើកឡើងនូវអ្វីមួយ ដូចជាចារកម្មថា ជាក្តីកង្វល់នោះទេ។ ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ករណីនេះមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនោះឡើយ៕